រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកវិញ្ញាសារប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យទូទាំងខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៣ -២០២៤នៅក្នុងមណ្ឌលវិទ្យាល័យសិត្បូ

+++++++++++ខេត្តកណ្តាល៖ សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា ព្រះអគ្គាធិការង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាមេគណខេត្ត និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុង ពិធីបើកវិញ្ញាសារប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យទូទាំងខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៣ -២០២៥នៅក្នុងមណ្ឌលវិទ្យាល័យសិត្បូ ស្ថិតក្នង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ព្រះពុទ្ធសាសនាកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជាដោយនៅពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញមានព្រះសង្ឃជាច្រើនអង្គ បាននឹងកំពុងចូលរួមធ្វើសកម្មភាពជួយដល់ការអភិវឌ្ឍនៅក្នុងសង្គមកម្ពុជា តាមរយៈការចុះអប់រំផ្ទាល់នៅតាមសហគមន៍ និងបានទេសនាធម៌វិន័យ និងសីលធម៌តាមប្រព័ន្ធផ្សព្វផ្សាយ មានដូចជា វិទ្យុ ទូរទស្សន៍ ជាដើម។

ជាងនេះទៅទៀត ការអប់រំ តាមបែបទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនាដែលបានធ្វើឡើងតាមរយៈតួនាទីរបស់ព្រះសង្ឃពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីតម្លៃសីលធម៌ និងឥរិយាបថក្នុងសង្គមដែលពុទ្ធសាសនាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដឹងខុសដឹងត្រូវ ដឹងថាតើអ្វីគួរធ្វើ និងមិនគួរធ្វើ។ ឯកឧត្តមបន្តថា៖ការប្រឡងនេះ គឺជាការលើកតម្កើននូវវប្បធម៌ អរិយធម៌របស់ជាតិ សាសនា ជាពិសេសដើម្បីរក្សានូវតម្លៃព្រះពុទ្ធសាសនា ឱ្យមានកិត្តិនាមខ្ពង់ខ្ពស់ ទាំងពុទ្ធចក្រ និងអាណាចក្រឱ្យដើរទន្ទឹមគ្នា សំដៅចូលរួមចំណែកធ្វើឱ្យសាសនា ជាតិយើងមានការរីកចំរើនក្រោមដំបូលសន្តិភាពដែលមានសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

ឯកឧត្តមបានបន្ថែមថា៖សមណសិស្សទាំងអស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុង នៃការប្រឡងអោយបានល្អ និងខិតខំបញ្ចេញអោយអស់ពីសមត្ថភាព លទ្ធភាពរាល់ចំណេះដឹងដែលមានដើម្បីទទួលបានលទ្ធផលល្អ ដែលជាការអភិវឌ្ឍធនធានបុព្វជិតឱ្យកាន់តែមានសុក្រិត្យភាព និងគុណភាពខ្ពស់ ពីព្រោះការប្រឡងនេះគឺជា កត្តាសំខាន់មួយសំរាប់អ្នកបួសបានវាស់ស្ទង់ចំណេះដឹងខាងផ្នែកព្រះពុទ្ធសាសនាក៍ដូចជាចំណេះដឹងទូទៅសំរាប់ប្រតិបត្តិខ្លួនក្នុងនាមជាបុព្វជិត ស្របទៅនឹងគោលនយោបាយកំណែរទម្រងស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

ក្នុងពិធីនេះសម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះអង្គបានមានសង្ឃដីកាថា៖សមណសិស្ស ប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យ ត្រូវតែប្រតិបត្តិតាមអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនេះឱ្យបានត្រឹមត្រូវដើម្បីពង្រឹងនូវចំណេះដឹង ប្រកបដោយ សេចក្តីថ្លៃថ្នូរ ជួយពង្រឹងដល់ផ្នែកព្រះពុទ្ធសាសនា ឱ្យមានភាពរឹងមាំ សមណសិស្សទាំងអស់ត្រូវខិតខំតាំងចិត្តខិតខំបំពេញកាតព្វកិច្ចប្រឡងទទួលបាននូវលទ្ធផលល្អគ្រប់ៗព្រះអង្គ ដើម្បីអភិវឌ្ឍន៍ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យថ្កុំថ្កើងរុងរឿងទៅថ្ងៃអនាគត ។ ព្រះអង្គបានបញ្ជាក់ថា៖ ការប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យទូទាំងខេត្តកណ្តាល មានសមណសិស្សនិមន្តមកប្រឡងចំនួន៤ស្រុក គឺ៖ ក្រុងតាខ្មៅ កៀនស្វាយ លើកដែក អង្គស្នួល និងស្រុកខ្សាច់កណ្តាល មានបេក្ខសមណសិស្សសរុបចំនួន២៩០អង្គ/នាក់ ស្មើនិង១២បន្ទប់ ៕

អត្ថបទទាក់ទង