++++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន១,៤៤៨ប័ណ្ណ ជូនប្រជាពលរដ្ឋ រស់នៅ ក្នុងភូមិកប្ញស្សី ឃុំសំបួរមាស ស្រុកមុខកំពូល នៅព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់បំផុត លើការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលដ្ឋ ដោយបានឧបត្ថម្ភគាំទ្រ ទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ឲ្យមានភាពកាន់តែល្អប្រសើរឡើង។ឯកឧត្តមអភិបាលបានបញ្ចាក់បន្តថា នេះជាការឆ្លុះបញ្ចាំងឲ្យឃើញអំពីការ យកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធានា កម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រផងដែរ។ក្នុងពិធីនេះដែរ
ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់មន្ទីរដែនដីនគរូបយកម្ម សំណងនិងសូរិយោដីខេត្ត ត្រូវខិតខំបន្តចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័សតាមការគ្រៀងទុក ជាពិសេសរាល់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋមិនត្រូវទាលុយពីពួកគាត់ជាដាច់ខាត ហើយអាជ្ញាធរស្រុកត្រូវចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ។លោក យឺ យ៉េន អភិបាលស្រុកមុខកំពូល បានឲ្យដឹងថា ស្រុកមុខកំពូលបានបិទបញ្ចប់ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចំនួន ២ឃុំ គឺឃុំរកាកោងទី១ និងឃុំរកាកោងទី២។ ក្នុងចំណោម ៣៩ភូមិរបស់ស្រុក ចុះបញ្ជី បានចំនួន ២៦ភូមិ និងបានចុះបញ្ជីចប់ចំនួន ១២ភូមិ។ បច្ចុប្បន្នបានកំពុងអនុវត្តលើការចុះបញ្ជីដី ចំនួន ២៤ភូមិបន្ថែមទៀត ស្ថិតក្នុងឃុំចំនួន ៤ គឺឃុំព្រែកអញ្ចាញ ឃុំឬស្សីជ្រោយ ឃុំព្រែកដំបង និងឃុំស្វាយ អំពារ។លោកបានឲ្យដឹងទៀតថា គិតត្រឹមដើម ឆ្នាំ២០២៣នេះ ស្រុកមុខកំពូលបានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋ សរុបចំនួន ១២លើក ស្មើនឹង ១៤,៨៩៧ប័ណ្ណ។ ដោយឡែក ក្នុងពិធីនាថ្ងៃនេះ នឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាលើកទី១៣ ជូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិ នៅភូមិព្រែកឫស្សី ឃុំសំបួរមាស ស្រុក មុខកំពូល ចំនួន ១,៤៤៨ប័ណ្ណទៀត លើក្បាលដីសរុបចំនួន១,៥២៥ក្បាលដី ។