++++++++++++ខេត្តកណ្តាល៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២៣ ក្រោមប្រធានបទ " ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគ្គសម័យឌីជីថល " នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកណ្តាល ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តមអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និងបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា៖ មិទ្ទីញទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” ក្នុងគោលបំណងបន្តរំលេចពីតម្លៃការចូលរួមរបស់ស្រ្តី ដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងភាពជាដៃគូ។ ស្ត្រី និងបុរសមានសិទ្ធិស្មើគ្នា នៃបណ្តាប្រទេសនានាក្នុងតំបន់ និងសកលលោក ពិសេសនៅក្នុងយុគសម័យឌីជីថល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ឯកឧត្តមអគ្គបណ្ឌិតបានមានប្រសាសន៍បន្តថា៖ ក្រោមម្លប់សន្តិភាព ការលើកកម្ពស់វប្បធម៌អហិង្សារបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងជំរុញឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាពជីវភាព ឋានៈតួនាទីរបស់ស្រ្តី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអហិង្សា ព្រមទាំងដោះ ស្រាយជម្លោះនានាដោយសន្តិវិធី។ ស្ត្រីកម្ពុជាជាកម្លាំងចលកររួមចំណែក នៃកំណើនសេដ្ឋកិច្ច ស្ត្រីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្តានុពលនៅក្នុងទីផ្សារសេដ្ឋកិច្ចជាតិ និងនៅក្នុងតំបន់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងងាយរងគ្រោះ។ រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតលើការដោះ ស្រាយគម្លាតយេនឌ័រ ក្នុងវិស័យឌីជីថល ជា ពិសេសការបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាដោយប្រសិទ្ធភាព ស្ត្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការងារបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿននៃកិច្ចអភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
បន្ទាប់ពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអានព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រត្រីនរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ខួបលើកទី ១១២ ទិវានារីអន្តរជាតិ រួចមក ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា៖ រដ្ឋបាលខេត្តកណ្តល បានរៀបចំពិធីនេះឡើង ដើម្បីរំលេចពីតម្លៃដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចកំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។ក្នុងភាពជាដៃគូរប្រជាពលរដ្ឋកម្ពុជា ទាំងស្ត្រី និងបុរស និងចូលរួមដោយស្មើភាព និងស្មើសិទ្ធជាមួយប្រជាពលរដ្ឋបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងសកលលោក ជាពិសេសក្នុងយុគសម័យឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា៖ក្នុងពិធីនេះមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងទាំងបី គ្រូបង្រៀន និងគរុសិស្សដែលជាស្ត្រីតាមគ្រឹះស្ថានសិក្សារដ្ឋគ្រប់កម្រិតក្នុងក្រុងតាខ្មៅសរុបចំនួន២.០៥៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៨ម៉ឺនរៀល និងសឹងចំនួន១ផងដែរ៕