++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធី ប្រកាសខេត្តកណ្ដាលជា ខេត្តអស់មីន នាព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្តាល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល បានចូលរួមអបអរសាទរចំពោះខេត្តកណ្តាល ដែលក្លាយជាខេត្តអស់មីនទី១០ មានន័យថា យើងនៅសល់តែ ១៥ ខេត្តទៀតប៉ុណ្ណោះ ដែលនៅមានការគម្រាមដោយសារគ្រាប់មីន ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៏ថា ក្រោមការជួយគាំទ្រពី គម្រោងសម្ដេចតេជោ សម្រាប់សកម្មភាពមីន មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥ និងការឧបត្ថម្ភគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ក្នុងឆ្នាំ២០២៣នេះ កម្ពុជាគ្រោងនឹងប្រកាសខេត្ត អស់មីនចំនួន ៨ ខេត្តបន្ថែមទៀត បន្ទាប់ពីខេត្តកណ្តាល ក្នុងនោះ រួមមាន៖ ខេត្តតាកែវ, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តក្រចេះ, ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ចាក់ថា កម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា បានចាប់ផ្តើមឡើងនៅឆ្នាំ ១៩៩២ ដើម្បី ឆ្លើយតបបន្ទាន់ទៅនឹងការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួន ។
កម្ពុជាបានក្លាយជារដ្ឋភាគី នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីន ប្រឆាំងមនុស្ស ឬ ហៅកាត់ថា អនុសញ្ញាអូតាវ៉ា ក្នុងឆ្នាំ ២០០០ ។ ហើយនៅឆ្នាំ ១៩៩៨ តាមរយៈ ការដាក់ចេញ និង ការអនុវត្តប្រកបដោយជោគជ័យ នូវនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ត្រូវបានបញ្ចប់ជាស្ថាពរ ស្របពេលដែលរចនាសម្ព័ន្ធយោធារបស់កម្ពុជាប្រជាធិបតេយ្យ ត្រូវបានផ្ដួលរំលំទាំងស្រុង ហើយព្រះរាជាណាចក្រកម្ពុជា ក៏ទទួលបានមកវិញនូវសុខសន្តិភាព ឯកភាពជាតិ និង បូរណភាពទឹកដីពេញលេញ ដែលជាកត្តាដ៏សំខាន់សម្រាប់ប្រតិបត្តិករបោសសម្អាតមីន ទាំងអស់ ចូលដល់គ្រប់ទីកន្លែងនៃទឹកដីកម្ពុជា ដើម្បីបំពេញភារកិច្ចរបស់ខ្លួន ក្នុងការដោះ មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ដោយគ្មានការភ័យខ្លាច ។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានគួសបញ្ចាក់ថា បើទោះបីជាខេត្តកណ្តាលបានប្រកាស ជាខេត្តអស់មីនក៏ពិតមែន ក៏ប៉ុន្តែមិនមានន័យថា ខេត្តអស់បញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតនោះទេ ជាពិសេសគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាលិចក្នុងបាតទន្លេ ដែលរាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០២១ បានបង្កើត ក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សាស្រាវជ្រាវ និងដោះស្រាយ កខេត្តកណ្តាល ក៏មានភូមិសាស្ត្រពាក់ព័ន្ធ មាននៅស្រុកមុខកំពូល ស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកលើកដែក ដោយត្រូវបានរកឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រមាណ ៣,៣៤៧គ្រាប់ ។ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ខេត្តកណ្តាលនៅបន្តមានផ្ទៃដីសង្ស័យ មានសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងទំហំប្រមាណ ១៥ ៨០៥ ២៥៣ ម៉ែត្រការ៉េ ស្មើនឹង ១៤៣ ចម្ការគ្រាប់ ក្នុងនោះ មានផ្ទៃ ដីមានគ្រាប់បែកចង្កោម ចំនួន ៥ ៤៩៤ ០១៦ ម៉ែត្រការ៉េ ស្មើនឹង ៥៨ ចម្ការគ្រាប់ ។