រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ទិវាពិភពលោកកំចាត់រោគរបេង ២៤ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ (មែនហើយ!យើងអាច បញ្ចប់ជំងឺរបេងបាន )

++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងទិវាពិភពលោកកំចាត់រោគរបេង ២៤ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ (មែនហើយ!យើងអាច បញ្ចប់ជំងឺរបេងបាន) ដែលបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវត្តសាលាអណ្ដែត ឃុំក្រាំងយ៉ូវ ស្រុកស្អាង កាលពីព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០២២ លោកជំទាវវេជ្ងបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល បានអានសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ដោយមានខ្លឹមសារថា ការរៀបចំប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាព របស់ប្រជាជនឱ្យបានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹង ការយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់អំពីទំហំនៃបញ្ហា និងផលវិបាកនៃជំងឺរបេងសំដៅចូលរួមចំណែក លើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្ដីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។លោកជំទាវបានបន្តថា អត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុងប្រទេសកម្ពុជា យើងមានការធ្លាក់ចុះយ៉ាងខ្លាំងច្រើនជាងប្រទេសដទៃ ជាក់ស្តែងអត្រាស្លាប់បានថយចុះពី៤២ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២១ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ ក្នុងឆ្នាំ២០២១ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥០%។

រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី ៥៧៩ករណី ក្នុង ចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០០០ មកដល់ ២៨៨ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០២១ ដែលស្មើនឹងធ្លាក់ចុះ ៥០% ផងដែរ។ កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សពាក់ព័ន្ធ នឹងការកាត់បន្ថយអត្រាឈឺនឹងស្លាប់ដោយសារជំងឺរបេងនេះរួចហើយ នៅមុនកាលកំណត់៤ឆ្នាំ។ ជោគជ័យរបស់ កម្ពុជាក្នុងការកំចាត់ជំងឺរបេង គឺជាស្នាដៃមួយដែលមានប្រទេសក្នុងចំនួនតិចតួចប៉ុណ្ណោះអាចសម្រេចបាន។

ក្នុងទិវានេះដែរ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល បានស្នើឱ្យ រដ្ឋបាលក្រុង-ស្រុកទាំងអស់ ត្រូវបញ្ចូលបញ្ហារបេង ជាបញ្ហាអាទិភាពរបស់ខ្លួនក្នុងផែនការអភិវឌ្ឍមូលដ្ឋាន ហើយត្រូវលើកផែនការ និងប្តេជ្ញាបញ្ចប់ជំងឺរបេង នៅក្នុងមូលដ្ឋានរៀងៗខ្លួនដោយត្រូវសហការឱ្យបានល្អជាមួយអង្គការ និងសា្ថប័ន ជំនាញពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តកណ្តាល សូមស្វែងយល់អំពីជំងឺរបេង ដោយមិនត្រូវមានការខ្មាសអៀន រើសអើង មាក់ងាយ និងត្រូវទទួលយកការពិនិត្យ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ឱ្យទាន់ពេលវេលា ត្រឹមត្រូវ និងមានប្រសិទ្ធភាព នៅតាមមណ្ឌលសុខភាពដែលជិតមូលដ្ឋានខ្លួន ពីព្រោះរបងជាជំងឺបង្ការបាន ព្យាបាលបាន និងជាសះស្បើយមួយរយភាគរយ ដោយមិនមានការបង់ប្រាក់ឡើយ។

អត្ថបទទាក់ទង