ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំគណ:កម្មការរៀបចំពិធីបុណ្យសង្គ្រាន្ត អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចាស័ក ព.ស.២៥៦៧ ដែលរដ្ឋបាលខេត្តកណ្តាល នឹងរៀបចំធ្វើឡើងនៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្ត ជាពិសេសការរៀបចំពិធីបុណ្យសង្ក្រានយ៉ាងអធឹកអធមនេះ នឹងប្រាព្ធធ្វើនៅភ្នំព្រះរាជទ្រព្យ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្ដាល ។ ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានស្នើដល់មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក ត្រូវពន្លឿនការរៀបចំស្ដង់ពិព័រណ៌ កន្លែងប្រគុំតន្ត្រី និងកន្លែងកំសាន្តនានាបានសមរម្យ មានសណ្ដាប់ធ្នាប់ មានសោភ័ណ្ឌភាព បរិស្ថានល្អ និងមានអនាម័យ ត្រូវរៀបចំភ្លើងបំភ្លឺ និងភ្លើងព័ណ៌សម្រាប់លម្អ នៅពេលយប់ឱ្យបានឆាប់រហ័ស ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សា និងសម្អាតបរិស្ថាន នៅក្នុងបរិវេណភ្នំព្រះរាជទ្រព្យឱ្យបានល្អប្រសើរជាប្រចាំ ឱ្យមានសោភ័ណ្ឌភាពល្អ និងទាក់ទាញ។