ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា ២០២២-២០២៣ នៅកីឡដ្ឋានខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៣ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានចាត់ទុកវិស័យកីឡា ជាវិស័យមួយដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងគោលបំណងពង្រឹងកាយសម្បទា និងសុខភាពយុវជន យុវនារី ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យមានសុខភាពល្អ ដើម្បីចាប់យកនូវចំណេះដឹងបែបវិទ្យាសាស្ត្រ និងមុខរបរផ្សេងៗ រួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិឲ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចខ្ពស់ និងមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ។លោកជំទាវបានបញ្ជាក់ថា ការចូលរួមលេងកីឡា គឺជាសកម្មភាពមួយដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ក្រោមប្រធានបទ “យុវជនម្នាក់ មានជំនាញ កីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត “ ។ ជាពិសេសកីឡាធ្វើឲ្យក្មួយៗសប្បាយ កីឡាធ្វើឲ្យក្មួយៗមានមិត្តច្រើន កីឡាធ្វើឲ្យក្មួយៗមានកាយសម្បទារឹងមាំ ឈ្នះអស់ជំងឺដង្កាត់ ទាំងឡាយ ធ្វើឲ្យខួរក្បាលក្មួយៗភ្លឺថ្លា ដូច្នេះត្រូវនាំគ្នាបន្តចូលរួមលេងកីឡា ព្រមទាំងខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាសិស្សល្អ មិត្តល្អ កូនល្អ ពិសេសក្លាយជាសិស្សពូកែ ពលរដ្ឋល្អ នាពេលអនាគត ។លោកជំទាវបាន ផ្តាំផ្ញើដល់ក្មួយៗដែលដណ្តើមបានពានរង្វាន់ថ្ងៃនេះ ថា៖ ក្មួយៗត្រូវបន្ថែមការ ហ្វឹកហាត់តទៀត ដើម្បីទៅចូលរួមប្រកួតនៅថ្នាក់ជាតិ នាពេលខាងមុខនេះ ក្មួយៗដែលមិនទទួល បានពានរង្វាន់សង្ឃឹមទុកចិត្តលើក្រុមដែលឈ្នះថា ពេលត្រឡប់មកវិញនឹងអាចយកកិត្តិយសជូន ខេត្តកណ្តាលជាក់ជាមិនខាន ។ ដោយឡែកក្រុមចាញ់ កុំអស់សង្ឃឹម ត្រូវគិតថាបច្ចេកទេសយើង មិនទាន់ដល់កម្រិតទើបយើងចាញ់ ហេតុនេះពេលត្រឡប់ទៅសាលាវិញ ខិតខំហ្វឹកហាត់បន្ថែម ដើម្បី មកចូលរួមប្រកួតនៅឆ្នាំក្រោយទៀត និងយកជ័យជំនះឲ្យទាល់តែបាន ។បើតាមរបាយការណ៍ របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាលការប្រកួតនេះមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៩ មិនា ឆ្នាំ២០២៣ ចែកចេញជា ៥ផ្នែករួមមាន៖ ១/ផ្នែកកីឡាអត្តពលកម្មបុរស-នារី ២/ផ្នែកកីឡាប៉េតង់ បុរស-នារី ៣/ផ្នែកកីឡាបាល់ទះបុរស-នារី ៤/ផ្នែកកីឡាបាល់បោះ បុរស-នារី និងទី៥/ផ្នែកកីឡាបាល់ទាត់ បុរស-នារី។ ដោយឡែកសម្រាប់ផ្នែកកីឡាបាល់ទាត់នារី ចំណាត់ថ្នាក់លេខ១ បានទៅលើវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ស្រុកកណ្ដាលស្ទឹងលេខ២ បានទៅលើវិទ្យាល័យព្រែកស្លែង ស្រុកកណ្ដាលស្ទឹង និងលេខ៣ បានទៅលើអនុវិទ្យាល័យគគី ស្រុកកៀនស្វាយ។ ផ្នែកបាល់ទាត់បុរស ចំណាត់ថ្នាក់លេខ១ បានទៅលើវិទ្យាល័យ ហ៊ុន សែន សេរីភាព ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុម play sport FC និងចំណាត់ថ្នាក់លេ៣ បានទៅលើវិទ្យាល័យជ័យវរ្ម័នទី៧ ស្រុកកៀនស្វាយ។