ខេត្តកណ្តាល៖ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ បានទទួលជួបសំណេះសំណាល និងទទួលស្វាគមន៍ ប្រតិភូវៀតណាម ខេត្តប៊ិញយឿង ដែលអញ្ញើញមកជូនពរ ដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តកណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដឹកនាំដោយ ឯកឧត្តម ង្វៀន វ៉ាន់ឡុក សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈចលនាបក្សខេត្ត និងជាប្រធានរណសិរ្សមាតុភូមិវៀតណាម ខេត្តប៊ិញយឿង។ឯកឧត្តម នូវប៉េង ច័ន្ទតារា តាងនាមថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់ ប្រតិភូខេត្តប៊ិញយឿង ដែលបានអញ្ញើញមកជូនពរ ដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តកណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ឯកឧត្តម បានបួងសួងដល់ទេវតាឆ្នាំថ្មី សូមតាមជួយអភិបាល ប្រោសព្រំសព្វសាធុការពរជ័យគ្រប់ប្រការជូនចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តប៊ិញយឿង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សូមប្រកបដោយសុខភាពល្អបរិបូរណ៍ សេចក្តីសុខសុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច។