រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបុណ្យឆ្លងមហាឧបដ្ឋានសាលា និងពុទ្ធាភិសេតស្រោចស្រពសុគន្ធវារី ប្រគេនព្រះចៅអធិការ និងគ្រូសូត្រស្ដាំ វត្តសិរីសាគរ នៅស្រុកខ្សាច់កណ្តាល

ខេត្តកណ្ដាល៖ ប្រទេសជាតិមានសុខសន្តិភាព នោះការអភិវឌ្ឍ កើតមានលើគ្រប់វិស័យ រួមទាំងពុទ្ធចក្រ និងអាណាចក្រ ដែលយើងទាំងអស់គ្នា ត្រូវរួមគ្នាដាច់ខាតការពារសុខសន្តិភាពនេះឱ្យបានឋិតថេរ គង់វង្ស យូរអង្វែង ទោះបង់ក្នុងតម្លៃណាក៏ដោយ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងមហាឧបដ្ឋានសាលា និងពុទ្ធាភិសេតស្រោចស្រពសុគន្ធវារី ប្រគេនព្រះចៅអធិការ និងគ្រូសូត្រស្ដាំ វត្តសិរីសាគរ នៅភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣។ ដែលពិធីនេះដែរក៏មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តម មាស សុខសេនសាន ប្រធានក្រុមការងារយុវជនចុះជួយឃុំព្រែកតាមាក់ និងជាអគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកសាច់កណ្ដាល ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជាច្រើននាក់។ ឯកឧត្ដម បន្តថា ឧបដ្ឋានសាលា និងសម្ភោធសមិទ្ធផលនានាក្នុងវត្តសិរីសាគរ ដែលត្រូវបានសម្ពោធនាឱកាសនេះ គឺជាសមិទ្ធិផលថ្មីបន្ថែមទៀត ដែលបង្ហាញឱ្យឃើញពីការរីកចំរើន ក្នុងវិស័យពុទ្ធចក្រ ដែលកើតឡើងនៅពេលនេះ កើតចេញពីប្រទេសជាតិមានសុខសន្តិភាព ទើបមានការអភិវឌ្ឍ លើគ្រប់វិស័យ និងការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពនូវការរីករាលដាលជម្ងឺកូវីដ-១៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានដាំផ្ញើដល់អាជ្ញាធរស្រុកខ្សាច់កណ្ដាល ត្រូវដាក់ពង្រឹងលើការងារគ្រប់គ្រង សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមរយៈការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងត្រូវឈានចូលមកដល់នាពេលខាងមុខនេះ។ ជាមួយគ្នានេះដែរត្រូវយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព។ សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះរួមមាន៖ ឧបដ្ឋានសាលា ១ខ្នង, សាលាបុញ្ញសភាសាងសង់ពីថ្មប្រក់ក្បឿង ១ខ្នង, កុដិសាងសង់ពីថ្មប្រក់ក្បឿង ១ខ្នង និងវច្ចកុដិ(បន្ទប់ទឹក១ បង្គន់អនាម័យ២)។

អត្ថបទទាក់ទង