របាំត្រុដិ គឺជារបាំប្រជាប្រិយ មួយប្រភេទដែលបានចាក់ប្ញស យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ តាំងពីសម័យបុរាណកាល មកម្ល៉េះ ព្រោះពាក្យ«ត្រុដិ»នេះ គឺសំដៅដល់ពេលដែល ឆ្នាំចាស់ដាច់ចូលឆ្នាំថ្មី មានលាភមានជ័យ សព្ទសាធុការពរជ័យ ជូនដល់អ្នកស្រុក ក្នុងឱកាសឆ្នាំថ្មី។ តាមជំនឿ គេលេងរបាំត្រុដិ ដើម្បីបណ្តេញនូវ ឧបទ្រពចង្រៃទាំងឡាយ ក្នុងឆ្នាំចាស់ ឱ្យជៀសចាកចេញឆ្ងាយ ផុត ពីផ្ទះសម្បែងឬភូមិករ របស់អ្នកស្រុក ហើយនាំមកវិញនូវសិរីសួស្តី ជ័យមង្គលដ៏បវរមហាប្រសើរ ជូនដល់មនុស្ស និងភាពសម្បូរ សប្បាយ ប្រកបដោយសុភមង្គលនៅក្នុងគ្រប់ ក្រុមគ្រួសារ ឬភូមិស្រុកសម្រាប់ឆ្នាំថ្មី ជារៀងរហូតទៅ៕