ខេត្តកណ្ដាល៖ ថ្លែងនៅក្នុង កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៤៧ អាណត្តិទី៣ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានក្រើនរំលឹកដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ ត្រូវត្រៀមលក្ខណៈក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈ ឲ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវត្រៀមសហការចូលរួមក្នុងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តិទៅនៅ ខាងមុខនេះឱ្យព្រឹត្តិទៅបានជោគជ័យ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជុំវិញខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់។ទន្ទឹមនឹងនេះដែរ ឯកឧត្តមក៏បាន ជំរុញ និងលើកទឹកចិត្តដល់ បណ្តាមន្ទីរ អង្គភាពនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងអនុវត្តន៍សេចក្តីសម្រេចផ្សេងៗ ប្រកបដោយអភិបាលកិច្ចល្អរវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តសំដៅឆ្លើយតបបានតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាពិសេសត្រូវបន្តដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ ឱ្យទទួលបានជោគជ័យបន្ថែមទៀត។ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានក្រើនរម្លឹកដល់អង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យប្រជាពលរដ្ឋ ត្រូវបន្តខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តម្លាភាព និងឆាប់រហ័ស តាមរយៈការបង្កើនសមត្ថភាពដល់មន្ត្រីជាប្រចាំ ដើម្បីធ្វើឱ្យការបំរើសេវានានាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់។សូមជម្រាបផងដែរថា គិតចាប់ពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តបានផ្ដល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ៩៧០៧ សេវា។ ដោយឡែកការិយាល័យប្រជាពលរដ្ឋ បានទទួលពាក្យបណ្តឹង និងព័ត៌មានផ្សេងៗ សរុបចំនួន ៦៦បណ្ដឹង ក្នុងនោះ ៖ ទទួលបណ្ដឹងតាមរយៈជួបផ្ទាល់ ០៦បណ្ដឹង, ប្រអប់សំបុត្រ ១៩បណ្តឹង, ទូរស័ព្ទ ០៨បណ្ដឹង និងប្រព័ន្ធអេឡិចត្រូនិច ៣៣បណ្តឹង។ លទ្ធផលនៃការសម្រុះសម្រួលដោះស្រាយបណ្តឹង សរុបចំនួន ៥១បណ្តឹង ក្នុងនោះបានសម្រុះសម្រួលដោះស្រាយបញ្ចប់ ៣៣បណ្តឹង និងបញ្ចូនទៅស្ថាប័នមានសមត្ថកិច្ច ១៨បណ្ដឹង។ ការផ្ដល់ព័ត៌មានត្រឡប់ តាមរយៈសារអេឡិចត្រូនិក សរុបចំនួន ៣៣ករណី។