ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភពនៃមន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹង ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត មេបញ្ជាការកម្លាំងទាំងបី លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត ទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ក្រុមប្រឹក្សា គណៈអភិបាលស្រុក ផងដែរ។ លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា អគារសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកកណ្តាលស្ទឹង ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លវការនេះមានទំហំ ១៥ ម៉ែត្រ X ៣០ ម៉ែត្រស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ។ លោកបន្តថា ស្រុកកណ្តាលស្ទឹង មាន មន្ទីរពេទ្យបង្អែកចំនួន ១ កន្លែង និងមណ្ឌលសុខភាព ចំនួន ៧មណ្ឌល គឺ មណ្ឌលសុខភាពអំពៅព្រៃ ,មណ្ឌលសុខភាពសៀមរាប ,មណ្ឌលសុខភាពបឹងខ្យាង ,មណ្ឌលសុខភាពបារគូ,មណ្ឌលសុខភាពត្រពាំងវែង ,មណ្ឌលសុខភាពដើមប្ញស និងមណ្ឌលសុខភាពរលាំងកែន ក្នងនោះមានបុគ្គលិកសុខាភិបាលសរុបចំនួន ១៥៦ នាក់ ស្រី ១០៣ នាក់ ។ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកកណ្តាលស្ទឹងគឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀត របស់ ស្រុកកណ្តាលស្ទឹង ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ពិសេសវិស័យសុខាភិបាល ដែលមានការរីកចំរើន ប្រកបដោយ ផាសុខភាពសមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៦ ដែលបានបង្ហាញពីការយកចិត្ត ទុកដាក់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ចំពោះវិស័យសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជនទូទាំងប្រទេស ពិសេសនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង ដើម្បីលើកកម្ពស់គុណភាពវិស័យសុខាភិបាល ក្នុងការឈានទៅសម្រេចគោលដៅយុទ្ធសាស្ត្រ “ការព្យាបាលប្រកបដោយគុណភាព ប្រជាពលរដ្ឋទទួល បានសេវាសុខភាព គ្រប់ជ្រុងជ្រោយ មានគុណភាព, សុវត្ថិភាព និងប្រសិទ្ធភាព" ។ ឯកឧត្ដម បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំរដ្ឋបាលស្រុកកណ្ដាលស្ទឹង គ្រប់លំដាប់ថ្នាក់ក្រសួង-ស្ថាប័ន, មន្ទីរ-អង្គភាពពាក់ព័ន្ធ, មន្ត្រីរាជការគ្រប់ជាន់ថ្នាក់, ដៃគូអភិវឌ្ឍន៍, អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់, សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដោយបានបរិច្ចាគ កម្លាំងកាយ, ចិត្ត, និងពេលវេលា ដើម្បីឱ្យគម្រោងសាងសង់ដ៏មានសារៈសំខាន់នេះ ដំណើរការទៅដោយរលូន និងបញ្ចប់ជាស្ថាពរតាមការគ្រោងទុក និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនាថ្ងៃនេះ ។ ឯកឧត្ដមក៏បានអំពាវនាវចំពោះមន្ត្រីរាជការ មន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យបង្អែក កណ្ដាលស្ទឹង, អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួយថែរក្សា អគារ ដែលជាសមិទ្ធផលដ៏ធំធេងនេះ ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ចាប់ពីថ្ងៃប្រកាសដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនេះតទៅ ។ ជាចុងក្រោយនេះ ខ្ញុំសង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវខ្ពស់របស់រដ្ឋបាលស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ ការិយាល័យ អង្គភាពជំនាញពាក់ព័ន្ធ អស់លោក លោកស្រី មន្ត្រីរាជការទាំងអស់ ក្នុងការបំពេញការងារឱ្យ សម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីៗ បន្ថែមទៀត តាមការរំពឹងទុក។