រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋរស់នៅឃុំកោះអន្លង់ចិន ក្រុងតាខ្មៅ ទទួលបានផ្លូវបេតុងអាមេ ចំនួន ២ខ្សែ ប្រវែង ១០៣៥ម៉ែត្រ ពីរដ្ឋបាលខេត្តកណ្ដាល

ខេត្តកណ្តាល ៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋជាង ៥០០នាក់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុងអាមេ ចំនួន២ខ្សែ ប្រវែង ១០៣៥ម៉ែត្រ នៅឃុំកោះអន្លង់ចិន ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ផ្លូវបេតុងទាំង២ខ្សែនេះគឺជា សមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀត របស់សង្កាត់កោះអន្លង់ចិន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកវិស័យទាំង៤ គឺ " មនុស្ស ផ្លូវ ទឹក ភ្លើង” ជាអាទិភាព ។ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់បន្តថា នយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជានៅពេលអនាគត សម្រាប់ការកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋកាន់តែល្អប្រសើ ពោលគឺ មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ។ឯកឧត្តមអភិបាលខេត្តកណ្ដាល បានលើកឡើងថា ដោយកត្តាសន្តិភាព ទើបថ្នាក់ដឹកនាំខេត្ត មានឱកាសអភិវឌ្ឍន៍មូលដ្ឋាន ហើយជាក់ស្តែងផ្លូវដែលសម្ពោធនាថ្ងៃនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយក៏ជាសមិទ្ធផលថ្មី១ទៀត ដែលបង្ហាញពីការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សម្រាប់បម្រើដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ទៅមក និងដឹកកសិផលទៅកាន់ទីផ្សារ ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និង សោភ័ណ្ឌភាព សំដៅចូលរួមអនុវត្តន៍នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ពីព្រោះផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ បើមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរគ្រប់ថ្នាក់នៃរដ្ឋបាលក្រុងខ្មៅ ត្រូវបន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និង បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជូនប្រជាពលរដ្ឋ។ ចំពោះសំណើ សំណូមពរ និងបញ្ហាប្រឈម ទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួន ត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីដោះ ស្រាយឆ្លើយតបឱ្យបានឆាប់រហ័ស។សូមបញ្ជាក់ថា ផ្លូវបេតុងអាមេ ២ខ្សែ ប្រវែង ១០៣៥ម៉ែត្រ ដែលត្រូវបានសម្ពោធនៅពេលនេះ ក្នុងនោះ ១ខ្សែនៅភូមិស្វាយពងអង្ក្រង ប្រវែង ៨០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងខ្សែទៀតនៅភូមិកណ្តាលកោះ មានប្រវែង ២៣៥ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត ។

អត្ថបទទាក់ទង