ខេត្តកណ្តាល៖ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបទបញ្ជាផ្ទាល់ពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារចម្រុះរួមមាន កងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះពិនិត្យដល់ទីតាំងជាក់ស្ដែង នៃរណ្តៅដីមួយកន្លែង ដែលម្ចាស់ទីតាំង ឈ្មោះ អ៊ុក រដ្ឋា ស្ថិតនៅភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ដើម្បីត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេស ការអនុវត្តតាមវិធានការច្បាប់ និងអាជ្ញាប័ណ្ណជាដើម ។ក្នុងការចុះពិនិត្យនេះ ក្រុមការងារ និងមន្ទីរជំនាញបានរកឃើញថា ទីតាំងរណ្តៅដីកំពុងធ្វើសកម្មភាពដឹកជញ្ជូនធនធានរ៉ែយ៉ាងសកម្ម ដោយពុំមានច្បាប់អនុញ្ញាតឡើយ ដែលអាចបង្កហានិភ័យដល់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់នៅតំបន់នោះ។ ក្រុមការងារ និងមន្ទីរជំនាញ បានតម្រូវឱ្យការដ្ឋាននេះ ត្រូវផ្អាកអាជីវកម្ម ហើយដោយមានការបញ្ជាផ្ទាល់ពីលោកព្រះរាជអាជ្ញារង បានធ្វើការឃាត់ទុកគ្រឿងចក្រចំនួន ០៧គ្រឿង ប្រគល់ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកខ្សាច់កណ្តាល ដើម្បីរក្សាទុក និងរងចាំម្ចាស់អាជីវកម្មចូលខ្លួនមកដោះស្រាយតាមនីតិវិធី។ ក្នុងករណី ម្ចាស់អាជីវកម្មនៅបន្តធ្វើសកម្មភាព ក្រុមការងារនឹងចុះកសាងសំណុំរឿង និងអនុវត្តតាមនីតិវិធីច្បាប់។ ហើយម្ចាស់អាជីវកម្ម ត្រូវធ្វើការបង់សួយសារទៅតាមបរិមាណអាចម៌ដីដែលបានធ្វើអាជីវកម្មកន្លងមក ។