ខេត្តកណ្តាល៖ឯកឧត្តម អង មង្គល រដ្ឋរលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតី នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រយៈពេលបីខែរបស់ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានលើកឡើងថា៖ស្របនឹងស្ថានភាព នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលប្រទេសជាតិយើង មាននាពេលបច្ចុប្បន្ន កត្តាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម គឺជាបុរេលក្ខខណ្ឌ ដ៏ចាំបាច់ និងអាទិភាព បំផុត ដែលទាមទារឲ្យយើងត្រូវរួមគ្នាធានាឲ្យបាននូវកត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គមនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ ដែលយើងអាចនិយាយបានថា “មិនមានការអភិវឌ្ឍណាមួយ អាចកើតឡើង ដោយគ្មានស្ថិរភាពនយោបាយ និងសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម នោះទេ”។ ឯកឧត្តមបន្តថា៖តាមរយៈការអនុវត្តការងារប្រកបដោយភាពម៉ឺងម៉ាត់ម៉ត់ចត់របស់គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព បាន ដំណើរការយ៉ាងសកម្មផុលផុស និងទទួលបានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន។មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបា ល ដែលជាបង្អែកយ៉ាងរឹងមាំក្នុងការគ្រប់គ្រងស្ថានការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព នៅតាមបណ្តាមូលដ្ឋាន បានដឹកនាំ គ្រប់គ្រង ពង្រឹងកម្លាំងប្រជាការពារ ចូលរួមក្នុងសកម្មភាពរក្សាសន្តិ សុខ សណ្តាប់ធ្នាប់នៅមូលដ្ឋានកាន់តែសកម្ម ជាពិសេសការត្រៀមលក្ខណៈក្នុងការចេញអន្ទរាគមន៍ជួយ សង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ ឬ មានហេតុការណ៍គ្រោះថ្នាក់ផ្សេងៗកើតឡើងជា យថាហេតុទាន់ពេលវេលា។ អាស្រ័យដោយមានការខិតខំរបស់អាជ្ញាធរមូលដ្ឋាន មន្ត្រីកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បទល្មើសជារួមមានការថយចុះ ៧៨% គួបផ្សំប្រតិបត្តិការបង្រ្កាបទទួលបានខ្ពស់រហូតដល់ ៩៦% ដែលជាហេតុធ្វើឲ្យការងារប្រឡងប្រណាំងឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តទទួលបានលទ្ធផលគួរជាទីមោទនៈ។ឯកឧត្តម សូមសម្ដែងនូវការអរគុណ និងកោតសរសើរ ចំពោះអាជ្ញាធរដែនដី កងកម្លាំង ប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលកន្លងមក បានយកចិត្តទុកដាក់ចូលរួមសហការ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល សម្រេចបានលទ្ធផលល្អប្រសើរ។ ក្នុងឱកាសនោះឯកឧត្តម អង មង្គល រដ្ឋរលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ដែលបានខិតខំធ្វើឱ្យការងារការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ទទួលបានលទ្ធផលល្អ គួរឱ្យកត់សម្គាល់។ ទន្ទឹមនិងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញ និងលើកទឹកចិត្តដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវបន្តពង្រឹងការផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង ជាពិសេស ការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ ឯកឧត្តមក៏បានជំរុញដល់រដ្ឋបាលខេត្ត ត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពខេត្ត ឱ្យបានរឹងមាំក្តាប់ឱ្យបាននូវរាល់សភាពការណ៍នានា ដែលកើតមានតាម ក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ក្នុងនោះត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះ ប្រជាពលដ្ឋ អំពីគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្បីរួមគ្នាដោះស្រាយ៕