រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៣

ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំង៣ និងមន្ទីរអង្គភាពជុំវិញខេត្ត។ មានប្រសាសន៍ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៣ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការៀបចំការបោះឆ្នោតខេត្តកណ្ដាល អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច អ្នកពាក់ព័ន្ធនានា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ធ្វើឱ្យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ទទួលបាននូវលទ្ធផលដ៏ល្អប្រសើរទាំងលើទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស ក្រោមបរិយាកាសសន្តិភាព មានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ ដោយមានប្រជាពលរដ្ឋចេញទៅបោះឆ្នោត ទូទាំងខេត្តកណ្ដាលមានចំនួន ៧២៩,៨១៥ នាក់ ស្មើនឹង ៨៩.១៦%។ ក្នុងឱកាសនោះដែរឯកឧត្ដមបណ្ឌិត ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងរហ័ស។ ចំពោះការផ្ដល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ ត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការគ្រប់គ្រង ចាត់ចែង និងផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវារដ្ឋបាល កាន់តែងាយស្រួល និងកាន់តែឆាប់ ប្រកបដោយតម្លាភាព និង គណនេយ្យភាព។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចុះមូលដ្ឋានឱ្យបានទៀងទាត់ជាប់ជាប្រចាំ និងត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណូមពរ និង បញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេស សំណូមពរ និងបញ្ហាប្រឈម ដែលត្រូវបានលើកឡើងក្នុងវេទិកាសាធារណៈ នាពេលកន្លងមក។ ត្រូវចាត់វិធានការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងការបង្ខិតបង្ខំពលកម្ម ឱ្យមានប្រសិទ្ធភាព និងឱ្យបានតឹងរឹងជាប់ជាប្រចាំ។ ជាមួយគ្នានេះផងដែរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់ការពារ នូវសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងកំឡុងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត របស់គណបក្សនយោបាយនីមួយៗ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះផងដែរ។ នៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្ដាលលើកទី ៥១ អាណត្តិទី ៣ មានរបៀបវារៈ៨ សំខាន់ៗដែលក្រុមប្រឹក្សាខេត្តត្រូវបានធ្វើការ ពិនិត្យ ពិភាក្សា និងអនុម័ត។

អត្ថបទទាក់ទង