រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាលើការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម នៃគម្រោង សមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ (ថវិកា AWPB )

ខេត្តកណ្តាល៖ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្ត កណ្តាល បានថ្លែងអោយដឹងថា៖ការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម នៃគម្រោង សមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (ថវិកា AWPB ) គឺជាគន្លឹះដ៏សំខាន់ ក្នុងការផ្សារភ្ជាប់ រវាងប្រជាពលរដ្ឋ​ និងក្រុមប្រឹក្សា​រដ្ឋបាលថ្នាក់ក្រោមជាតិ ។ ឯកឧត្តមបានលើកឡើងបែបនេះក្នុងកិច្ចប្រជុំពិភាក្សាលើការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម នៃគម្រោង សមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ (ថវិកា AWPB )នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ ទីចាត់ការផែនការវិនិយោគខេត្ត អង្គការដៃគូរ និងប្រធានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ស្រុកពាក់ព័ន្ធ មន្ត្រីបង្គោលគណនេយ្យភាពសង្គម និងមន្ត្រីហិរញ្ញវត្ថុការងារគណនេយ្យភាពសង្គមផងដែរ។ ឯកឧត្តម អភិបាលរងខេត្ត បានបន្តថា៖ខេត្តកណ្តាល បានចាប់ផ្តើមអនុវត្តគម្រោងចាប់តាំងពីឆ្នាំ២០២០ ដោយផ្អែកតាមខ្លឹមសារនៃលិខិត លេខ ០៤០ស.ជ.ណ/គ.ជ.អ.ប ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ របស់លេខាធិការដ្ឋាន គ.ជ.អ.ប ដែល ចាប់យកក្រុងស្រុកគោលដៅចំនួន៨ រួមទាំងក្រុងតាខ្មៅផងដែរ។ ប៉ុន្តែសម្រាប់ក្រុងតាខ្មៅ គឺត្រូវបានអនុវត្ត គាំទ្រថវិកាពីអង្គការវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ រីឯ៧ស្រុកទៀតក៏មានថវិកាគាំទ្រពីលេខាធិការដ្ឋាន គ.ជ.អ.ប។ផ្អែកលើបទពិសោធន៍ និងលទ្ធផលជាវិជ្ជមានដែលសម្រេចបាន សម្រាប់បច្ចុប្បន្ននេះវិញ ក្នុងមូលដ្ឋានខេត្តកណ្តាល គឺមានក្រុងស្រុកគោលដៅដែលបានអនុវត្តចំនួន ១៣ក្រុងស្រុក ស្នើនិង១០០% ស្មើនឹង ៦០អង្គភាព ព្រមទាំងបានអនុវត្តនៅកម្រិតថ្នាក់ក្រុងស្រុកចំនួន ២ផងដែរ គឺរដ្ឋបាលក្រុងតាខ្មៅ និងរដ្ឋបាលស្រុកស្អាង។ ឯកឧត្តមបន្តថា៖ចំពោះការអនុវត្តគម្រោង និងការប្រើប្រាស់នូវកញ្ចប់ថវិកាវិញ គឺយើងមានការគាំទ្រគ្រប់អង្គភាពទាំងអស់ ពោលគឺមានតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ឃុំសង្កាត់ ហើយថ្ងៃនេះយើងនឹងពិភាក្សាគ្នាឱ្យកាន់តែស៊ី ជំរៅ ចំពោះការអនុវត្តថវិកា ទាំងថវិកាគាំទ្រដោយដៃគូ និងថវិការបស់រដ្ឋបាលនិមួយៗ។ ឯកឧត្តមបន្ថែមថា៖គណនេយ្យភាពសង្គម ជាធាតុដ៏សំខាន់ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងការទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការ សំណើ ក៏ដូចជា សំណូមពររបស់ប្រជាពលរដ្ឋមូលដ្ឋាន។ និយាយរួមកម្មវិធីគណនេយ្យភាពសង្គម ជាកញ្ចក់ដែលបានឆ្លុះបញ្ចាំង យ៉ាងជាក់លាក់ អំពីភាពប្រសើរឡើង នៃទំនាក់ទំនង រវាងសហគមន៍​ប្រជាពលរដ្ឋ និងអ្នកផ្ដល់សេវា ព្រមទាំងជាចំណែកដ៏សំខាន់ លើដំណើការផ្ដល់សេវា ពិសេសការយកចិត្តទុកដាក់ ក្នុងកិច្ចឆ្លើយតបត្រូវតាមសំណេី​ ឬសំណូមពររបស់ ប្រជាពលរដ្ឋតែម្តង។ ឯកឧត្តមបានបញ្ជាក់ថា៖ នេះជាផែនទីបង្ហាញផ្លូវ ដល់តួអង្គអនុវត្តទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ សម្រាប់អនុវត្តការងារគណនេយ្យភាពសង្គម ក្នុងក្របខ័ណ្ឌនៃកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។ គោលបំណង នៃផែនការអនុវត្ត គណនេយ្យភាពសង្គម គឺការបង្កើនកិច្ចអនុវត្ត គណនេយ្យភាពសង្គម ដើម្បីរួមចំណែកធ្វើឲ្យប្រសើរឡើង ក្នុងការផ្ដល់សេវាសាធារណៈ ប្រកបដោយគុណភាព ប្រសិទ្ធភាព ការលើកកម្ពស់តម្លាភាព ការចូលរួមរបស់ប្រជាពលរដ្ឋ និងការឆ្លើយតបទៅនឹងតម្រូវការនានា របស់ប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានជំរុញដល់ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ស្រុកពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់លើកិច្ចការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ក្នុងគោលបំណងផ្តល់នូវសារៈប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ សូមជម្រាបជូនថា៖ គ.គ.អ.ស ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់វេទិកាសម្រាប់ការពិភាក្សាលើការអនុវត្តការងារ រួមទាំងដំណោះស្រាយ និងបញ្ហាប្រឈម ការសេម្រេចចិត្តលើការបង្កើតគោល នយោបាយ ការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ(AWPB) និងការកំណត់ឯកភាពលើតំបន់ គ្របដណ្តប់សម្រាប់ការអនុវត្តការងារគណនេយ្យភាពសង្គម ក៏ដូចជាអនុម័តលើគោលការណ៍ណែនាំ និងឯកសារយុទ្ធសាស្រ្តផ្សេងទៀតដើម្បីគាំទ្រដល់ការអនុវត្តគណនេយ្យភាពសង្គមទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិផងដែរ។ ប្រសិទ្ធភាពនៃការអនុវត្ត ការងារគណនេយ្យភាពសង្គមបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈការលើកកម្ពស់ទំនាក់ទំនងរវាង ប្រជាពលរដ្ឋ និងអ្នកផ្តល់សេវា ក៏ដូចជាការបង្កើនការយល់ដឹងរបស់សហគមន៍អំពីសិទ្ធិស្តង់ដារ និងការបំពេញការងាររបស់អ្នកផ្តល់សេវាដើម្បីចូលរួមយ៉ាងសកម្ម និងយកចិត្តទុកដាក់ឆ្លើយតបទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋ និងការកែលម្អការផ្តល់សេវាដោយរដ្ឋបាលថ្នាក់ក្រោមជាតិ៕

អត្ថបទទាក់ទង