ខេត្តកណ្ដាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានជំរុញ និងណែនាំដល់ តំណាងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មតាម អាហ្វីស ប៉ាណូគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ត្រូវចូលរួមសហការជាមួយអាជ្ញាធរខេត្ត ពោលគឺម្ចាស់ក្រុមហ៊ុនទាំងអស់ត្រូវមកធ្វើច្បាប់អនុញ្ញាតពីអង្គភាពច្រកជើងចូលតែមួយរបស់ខេត្តកណ្ដាលឲ្យបានគ្រប់ៗគ្នាតាមការកំណត់។ការជំរុញនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការផ្តល់សេវាសាធារណៈ លើការផ្សព្វផ្សាយពាណិជ្ជកម្មតាម អាហ្វីស ប៉ាណូ LED គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនផ្សព្វផ្សាយផ្ទាំងពាណិជ្ជកម្មនានាជាច្រើនរូប។ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ករណីបើក្រុមហ៊ុនមិនបានមកធ្វើច្បាប់អនុញ្ញាត ឬច្បាប់ហួសសុពលភាព រដ្ឋបាលខេត្តនឹងអនុវត្តច្បាប់ ដោយក្រុមការងារចម្រុះរបស់ខេត្ត ធ្វើការចុះរុះរើ និងផាកពិន័យតាមច្បាប់កំណត់ ការធ្វើបែបនេះគឺដើម្បីពង្រឹកការច្បាប់ ធ្វើឱ្យមានតម្លាភាពរវាងក្រុមហ៊ុនដែលបានមកធ្វើច្បាប់ត្រឹមត្រូវ ។ឯកឧត្តមអភិបាលរងខេត្ត ក៏បានស្នើដល់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ត្រូវពង្រឹងលើគុណភាពផ្ទាំងផ្សព្វផ្សាយរបស់ខ្លួនធានាឱ្យមានភាពរឹងមាំតាមស្តង់ដារបច្ចេកទេស ត្រូវមានសោភ័ណភាព រូបភាព និងខ្លឹមសារត្រូវពិភាក្សាជាមួយមន្ទីរជំនាញមុននឹងធ្វើការសព្វផ្សាយជាសារធារណៈ ហើយរាល់ការផ្សព្វផ្សាយត្រូវបញ្ចូលខ្លឹមសារអប់រំនានាផងដែរសម្រាបមហាជនទូទៅ។ឯកឧត្តម ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល បានបញ្ជាក់ដែរថា ដើម្បីពង្រឹងលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងអាហ្វី ប៉ាណូ LED គ្រប់ប្រភេទ និងពង្រឹងការប្រមូលចំណូលជូនរដ្ឋ ក្រុមការងារចម្រុះខេត្តនឹងធ្វើការចុះត្រួតពិនិត្យរាល់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនានាទូទាំងខេត្តកណ្ដាល។ ការចុះត្រួតពិនិត្យនេះគឺទី១ ពិនិត្យទៅលើច្បាប់អនុញ្ញាត្តិ ទី២ ពិនិត្យទៅលើគុណភាពសំណង់ និងទី៣ ត្រួតពិនិត្យទៅលើរូបភាព និងខ្លឹមសារ ដើម្បីធានាបាននូវសុខសុវត្ថិភាព សោភ័ណ្ឌភាព នៅតាមទីសារធារណៈ។ជាមួយនេះដែរ ឯកឧត្តមក៏បានស្នើដល់ ក្រុមហ៊ុនដែលមិនទាន់មកបំពេញកាតព្វកិច្ចបង់សេវាជូនរដ្ឋ និងមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ ឬច្បាប់ហួសសុពលភាព ត្រូវរួសរាន់មកបង់សេវា និងធ្វើច្បាប់អនុញ្ញាតឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកណ្ដាល ជៀសវាងមានការចុះរុះរើ និងផាកពិន័យពីក្រុមការងារចម្រុះរបស់ខេត្ត។