ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និង ឯកឧត្តម វ៉ាស៊ឹម សូរិយា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ជាមួយក្រុមហ៊ុនចិន China Metro ដោយមានការចូលរួមផងដែរពីមន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញ ដើម្បីប្រមូលព័ត៌មាន និងទិន្នន័យសម្រាប់សិក្សាគម្រោងផ្លូវរថភ្លើងថ្មីធុនស្រាលពីព្រលានយន្តហោះថ្មីតាខ្មៅ ចូលមករាជធានីភ្នំពេញ។ការស្ថាបនាផ្លូវរថភ្លើងថ្មីធុនស្រាលពីព្រលានយន្តហោះថ្មីតាខ្មៅ ចូលមករាជធានីភ្នំពេញ នាឱកាសពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់ខេត្តកណ្តាល សម្រាប់បម្រើនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តកណ្តាល។សូមបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានកំពុងជំរុញការវិនិយោគយ៉ាងខ្លាំងលើវិស័យដឹកជញ្ជូននៅកម្ពុជា ការដឹកជញ្ជូនតាមរថភ្លើង គឺជាផ្នែកមួយយ៉ាងសំខាន់ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ពិសេសរថភ្លើងស្រាលដែលវាមិនបង្កការរំខានខ្លាំងដោយសារសម្លេង។