ខេត្តកណ្តាល៖ ថ្លែងនៅក្នុង វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ថ្នាក់ខេត្ត និងក្រុង-ស្រុកទាំង១៣ ចំនួន ៥៦នាក់ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល បានជម្រុញដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់តាមដានលើមេរៀននីមួយៗពីគ្រូឧទ្ទេស ដើម្បីទទួលបាននូវចំណេះដឹង និងមានស័ក្កសិទ្ធភាពក្នុងការអនុវត្តលើការងារនេះឱ្យកាន់តែមានភាពរលូន ត្រឹមត្រូវច្បាស់លាស និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃនេះ លោក លោកស្រី ប្អូនៗ ជាអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ លើជំនាញកិច្ចការរដ្ឋបាល ការគ្រប់គ្រងហិរញ្ញវត្ថុ ក្រមចរិយាធម៌ ការកសាងផែនការ និងជំនាញប្រើប្រាស់កុំព្យូទ័រ សម្រាប់យកទៅប្រើក្នុងការបំពេញការងារប្រចាំថ្ងៃ និងអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍បន្តថា រដ្ឋបាលខេត្តកណ្តាល មានឆន្ទះដ៏មុតម៉ាំ ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម និងគាំទ្រអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ទាំងស្មារតីទទួលខុសត្រូវ និងធនធានថវិកា ដើម្បីនិរន្តរភាពការងារនិងបង្ករលក្ខណៈងាយស្រួលដល់ការអនុវត្តសកម្មភាពការងារ ដោយទទួលបាននូវផលផ្លែយ៉ាងត្រចះត្រចង់ និងប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការងារគណនេយ្យភាពសង្គម បានរួមចំណែកញ៉ាំងឱ្យការអនុវត្តតួនាទីភារកិច្ច ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតបតម្រូវការបានឆាប់រហ័សជូនពលរដ្ឋ លទ្ធផលទាំងនេះគឺកើតចេញពីការអនុវត្តមុខងាររបស់អង្គភាព ផ្តល់សេវា (រដ្ឋបាលឃុំសង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា) និងមានការចូលរួមពីប្រជាពលរដ្ឋ ក្រោមការសម្របសម្រួល គាំទ្របច្ចេកទេស ដោយអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ អង្គការដៃគូ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។