ស្ត្រីជាថ្នាក់ដឹកនាំឃុំ និងជំនួយការរដ្ឋបាលឃុំជាស្ត្រីក្នុងស្រុកកណ្ដាលស្ទឹង ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ទឹកស្អាត និងអនាម័យ ដើម្បីឱ្យពួកគាត់ផ្លាស់ប្ដូរឥរិយាបថក្នុងការតបបណ្ដាញទឹកស្អាតយកទៅប្រើប្រាស់ប្រកបដោយសុវត្ថិភាព។ លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានលើកឡើងបែបនេះក្នុងឱកាសដែល លោក អញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ទ ជូនដល់ស្ត្រីជាថ្នាក់ដឹកនាំឃុំ និងជំនួយការរដ្ឋបាលឃុំជាស្ត្រីក្នុងស្រុកកណ្ដាលស្ទឹង នៅសាលាស្រុកកណ្ដាលស្ទឹង នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ ដែលវគ្គបណ្ដុះបណ្ដាលនេះទទួលបានការជួយឧបត្ថម្ភគាំទ្រដោយអង្គការ WaterAid មានកិច្ចសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល និងមន្ទីរកិច្ចការនារីខេត្តកណ្ដាល។ លោកអភិបាលស្រុក បន្តថា៖ បញ្ហាទឹកស្អាត និងអនាម័យបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងសហការជាមួយអង្គនានាៗ ដែលធ្វើការងារពាក់ព័ន្ធជាមួយទឹកស្អាត ដើម្បីសម្រេចបានគោលដៅអនុវត្តប្រកបដោយចីរភាព និងផែនការយុទ្ធសាស្ត្រជាតិសម្រាប់ទឹកស្អាត និងអនាម័យ ដែលរាជរដ្ឋាភិបាលបានកំណត់គោលដៅ គឺនៅក្នុងឆ្នាំ២០២៥ប្រជាពលរដ្ឋនៅក្នុងទីប្រជុំជន មានទឹកស្អាតប្រើប្រាស់ ហើយនៅឆ្នាំ២០៣០ប្រជាពលរដ្ឋទាំងនៅក្នុងទីប្រជុំជន និងជនបទ មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព១០០%។ ដូច្នេះស្ត្រីជាថ្នាក់ដឹកនាំឃុំ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋឱ្យយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ទឹកស្អាត និងអនាម័យ ដើម្បីឱ្យពួកគាត់ផ្លាស់ប្ដូរឥរិយាបថក្នុងការតបណ្ដាញទឹកស្អាតយកទៅប្រើប្រាស់ ប្រកបដោយសុវត្ថិភាព។ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្ត បានមានប្រសាសន៍ថា៖ វគ្គបណ្ដុះបណ្ដាលថ្ងៃនេះគឺមានសារៈសំខាន់ណាស់ ដើម្បីស្វែងយល់បន្ថែមពីចំណេះដឹង និងជំនាញ ក្នុងការសម្របសម្រួល ការនិយាយជាសាធារណៈ ការស្វែងរកការគាំទ្រ ព្រមទាំងទំនុកចិត្ត និងភាពជាអ្នកដឹកនាំ ក្នុងការវិភាគស្ថានភាព និងទំនាក់ទំនងរវាងយេនឌ័រ និងទឹកស្អាត អនាម័យ។ លោកសង្ឃឹមថា វគ្គបណ្ដុះបណ្ដាលនេះ ស្ត្រីជាថ្នាក់ដឹកនាំឃុំ និងជំនួយការរដ្ឋបាលឃុំជាស្ត្រី បានយល់ដឹងអំពីការងារសម្របសម្រួល យល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ទឹកស្អាត ចេះសហការគ្នា និងបង្កើនភាពស្និទ្ធស្នាលដោយធ្វើការងារជាក្រុមពាក់ព័ន្ធជាមួយការងារទឹកស្អាត និងអនាម័យ ហើយសង្ឃឹមថាប្រជាពលរដ្ឋ និងមានការយល់ដឹង និងផ្លាស់ប្ដូរឥរិយាបថតាមរយៈក្រុមការងារស្ត្រីប្រចាំឃុំ ដោយងាកមកប្រើប្រាស់ទឹកស្អាតប្រកបដោយសុវត្ថិភាព។ លោកជំទាវ បន្តទៀតថា៖ កាលពីពេលឆ្នាំ២០២២ ខេត្តកណ្ដាលបានសម្រេចនូវការបញ្ឈប់ការបន្ទោរបង់ពាសវាលពាក្យកាល ODF ទូទាំងខេត្តកណ្ដាល ហើយស្រុកកណ្ដាលស្ទឹងក៏ត្រូវបានបញ្ឈប់ការបន្ទោរបង់ពាសវាលពាក្យកាល ODF។ លោកជំទាវក៏បានសង្ឃឹមយ៉ាងមុខមាំផងដែរថា វគ្គបណ្ដុះបណ្ដាលនាឱកាសនេះនឹងធ្វើឱ្យស្រុកកណ្ដាលស្ទឹងអាចឈានទៅដល់ការទទួលបាននូវការ ODF Plus នាពេលខាងមុខផងដែរ។