រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះរមណភាពស្ត្រីជាម្ដាយ និងកូនដែលស្លាប់ដោយអំពើឃាតកម្ម នៅស្រុកកណ្ដាលស្ទឹង

ខេត្តកណ្ដាល៖ បន្ទាប់ពីទទួលដំណឹងដ៏តក់ស្លុតចំពោះរមណភាពរបស់ ស្រ្តីជាម្ដាយ និងកូន ដែលស្លាប់បាត់បង់ជីវិតនៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ដោយអំពើឃាតកម្ម នៅភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បានចាត់ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី អញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារសពស្រ្តីជាម្ដាយ និងកូន។ ក្នុងឱកាសចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ លោកស្រី សុក ផុល ហិរញ្ញឹកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំមកនូវការផ្ដាំផ្ញើ និងចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រំនៃសព ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយក្ដីអាណិតអាសូរជាទីបំផុត។ លោកស្រី បន្តថា៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។ ក្នុងឱកាសនោះដែរ លោកស្រី បានសម្ដែងនូវការសោកស្ដាយ និងអាណិតអាសូរជាពន់ពេក ចំពោះហេតុការនេះដែលយើងទាំងអស់គ្នាមិនចង់ឱ្យកើតមានឡើងលើក្រុមគ្រួសារយើងណាម្នាក់ឡើយ។ អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ផ្ដល់ជូនគ្រួសារសពរួមមាន៖ អង្ករ ១០០ គីឡូក្រាម, មី ៤កេស, ទឹកសុទ្ធ ៤កេស, ត្រីខ ៤យួរ, ទឹកត្រី ៤យួរ និងថវិកា២លានរៀល។

អត្ថបទទាក់ទង