រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃអាទិត្យ ៩រោច ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ ផ្ដួចផ្ដើមគំនិតដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាព្រមទាំងក្រុមគ្រួសារបុត្រាបុត្រី និងចៅៗ ក្នុងវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ «ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ដែលត្រូវបានប្រជាពលរដ្ឋគោរពប្រតិបត្តិតាមគន្លងនៃព្រះពុទ្ធសាសនាមកតៗគ្នាជាយូរលង់មកហើយ។ នេះក៏ដោយសារតែប្រទេសមានសុខសន្តិភាព ស្ថេរភាពពេញលេញបរិបូរណ៍ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា»៕ អនុមោទនា ពិធីបុណ្យកាន់បិណ្ឌទី៩!