ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ ២០២៣ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត និងពុទ្ធបរិស័ទ បានអញ្ជើញរាប់បាត្រ (បុណ្យកាន់បិណ្ឌ)វេនទី១២ នៅវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណរៀងមកតែងតែបានប្រារព្ធពិធីនេះ មិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោចថៃ្ងបញ្ចប់គឺជាថ្ងៃ(ភ្ជុំបិណ្ឌ)។ ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យកាន់បិណ្ឌ ថ្នាក់ដឹកនាំខេត្តកណ្ដាល និងប្រជាពុទ្ធបរិស័ទតែងតែរួមគ្នាធ្វើបុណ្យ ធ្វើទានតាមទីអារាម ដោយមាននាំយកនូវគ្រឿង សក្ការបូជា និងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគ បច្ច័យយកមកប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូន ជីតា ញាតិការទាំង៧សន្ដាន ដែលបានចែកឋាន ទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌនេះ ឱ្យបានទៅសោយសុខ នៅទីស្ថានបរមសុខគ្រប់ៗជាតិ។ ក្នុងពិធីកាន់បិណ្ឌវេនទី១២នេះ រដ្ឋបាលខេត្តកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរស្រុក និងមន្ត្រីរាជការ បាននាំយកនូវទេយ្យវត្ថុ មកប្រគេនដល់ព្រះសង្ឃរួមមាន៖អង្ករ១តោន, ទឹកផ្លែឈើ ០២កេស, មី ១០កេស, ត្រីខកំប៉ុង ០៥កេស, ទឹសុទ្ធ១០កេស, ទឹកត្រី១០យួរ, ទឹកដោះគោខាប់១កេស និងបច្ច័យមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃដើម្បីទុកកសាងសមិទ្ធផលនានាក្នុងវត្ត ព្រមទាំវេរទេយ្យវត្ថុ ចង្ហាន់ដល់ព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និងញាតិកាទាំង ៧សន្តាន ដែលចែកឋានទៅបរលោកខាងមុខ មកទទួលយកនូវអានិសង្ឃ ដែលបានឧទ្ទិសជូន នៅក្នុងវេនកាន់បិណ្ឌទី១២នេះ៕