ខេត្តកណ្តាល៖ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ចើញជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០២៣ និងចែកវិញ្ញាបនបត្រទទួលស្គាល់សមាជិកចលនាភូមិមួយផលិតផលមួយឆ្នាំ២០២២ របស់ខេត្តកណ្តាល ដោយមានការចូលរួមពីលោក-លោកស្រី អភិបាលរងក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ ព្រមទាំងតំណាងសហគមន៍ សមាគម សិប្បកម្ម អាជីវកម្មជាង៨០នាក់។ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តម ផល សុជាតិ បានបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីជំរុញដល់ការផលិត កែច្នៃ ផលិតផលកសិកម្ម សិប្បកម្មនិងសេវាកម្មនានាជាមូលដ្ឋាន ឱ្យឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុកនិងក្រៅស្រុក បំរើដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចឆ្លើយតបជាមូលដ្ឋាន ដើម្បីរួមចំណែកក្នុងការសម្រេចនូវគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ឯកឧត្តម បន្តថា ភូមិ១ផលិត ផល១ គឺជាចលនារស់រវើកមួយសម្រាប់ជំរុញ និងបង្កើននូវជីវភាពសេដ្ឋកិច្ចរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តកណ្ដាល ងើបផុតពីភាពក្រីក្រ និងជួយឱ្យគាត់ ចេះពង្រឹងសមត្ថភាព និងបង្កើនសមត្ថភាពសម្រាប់ផលិត នៅអ្វីមួយដែលគាត់អាចផលិតបាន។ឯកឧត្ដម បានបន្តទៀតថា ភូមិ១ផលិត ផល១ សំដៅលើផលិតផលដែលផលិតឡើងដោយប្រជាជនតាមភូមិឋានមួយឬច្រើន ហើយផលិតទាំងនោះឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ប្រពៃណីតាមបែបបុរាណ និងតាមបែបសម័យទំនើប ដែលផ្ដល់ នូវកិត្យានុភាព និងមោទនភាពចំពោះភូមិឋានដែលខ្លួនកំពុងរស់នៅ ហើយជលិតផលទាំងនោះមានសក្តានុពល ង្រឹងពង្រីកបានបរិមាណគុណភាព និងសោភណ្ឌភាព ដើម្បីបង្កើបានតម្លៃ និងត្រូវបានទទួលការយល់ព្រមចុះបញ្ជីរ ដោយគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ។ក្នុងសិក្ខាសាលានេះដែរ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា តាមរយៈសិក្ខាសាលានាថ្ងៃនេះ រដ្ឋបាលខេត្ត និងគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ ថ្នាក់ខេត្ត នឹងខិតខំប្រឹងប្រែងសហការជាមួយរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ និងបង្ហាញពីអត្ថប្រយោជន៍ នៃការចូលរួមជាសមាជិកចលនាភ១.ផ១សម្រាប់ឆ្នាំ២០២៣។ ឯកឧត្តមអភិបាលរងខេត្ត ក៏បានលើកទឹកចិត្តផលិតករ សិប្បករ ឧស្សហករ តាមរយៈការរៀបចំចែកវិញ្ញាបនបត្រទទួលស្គាល់សមាជិកចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០២២ និងជួយផ្សព្វផ្សាយជំរុញឱ្យមានការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋាន ឱ្យចូលជាសមាជិកចលនាភូមិ១ផលិតផល១ ។ រដ្ឋបាលខេត្ត និងគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ ថ្នាក់ខេត្ត នឹងបន្តណែនាំដល់ម្ចាស់ផលិតផល ឬអាជីវករ ដែលទទួលបានវិញ្ញាបនបត្រ និងអនុញ្ញាតពីថ្នាក់ជាតិ ឱ្យបន្តខិតខំបំពេញបច្ចេកទេស និងទទួលការណែនាំរបស់ថ្នាក់ជាតិ ដើម្បីរក្សាបាននូវគុណភាព អនាម័យ និងបច្ចេកទេសផ្សេងៗរបស់ផលិតផលរបស់ខ្លួន។