រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង តាមសណ្ដស្ទឹងព្រែកត្នោតចំនួន ៥២៥គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីរសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ និងសប្បុរសជន នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចុះចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងតាមសណ្ដស្ទឹងព្រែកត្នោតចំនួន ៥២៥ គ្រួសារ មកពីភូមិចំនួន៣ នៃឃុំកណ្តោក ស្រុកកណ្តាលស្ទឹង សរុប ៣១៥គ្រួសារ និងមកពីភូមិចំនួន២ នៃសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ សរុបចំនួន ២១០គ្រួសារ ។ ថ្លែងនៅក្នុងពិធីចែកអំណោយនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានធ្វើការផ្ដាំផ្ញើនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីរសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅពេលនេះ ដោយក្ដីនឹករលឹកបំផុត។ ឯកឧត្តមមានប្រសាសន៍បន្តថា៖ ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយមកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយដែលសាខា បាននាំយកមកឧបត្ថម្ភបងប្អូននាឱកាសនេះ គឺមិនមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ គឺអនុវត្តតាមគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ។ ជាមួយគ្នានេះដែរ ឯកឧត្តមប្រធាន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះជំនន់ទឹកភ្លៀងដែលកំពុងតែជន់លិចនៅពេលនេះ ជាពិសេសត្រូវយកចិត្តទុកដាក់មើលថែចំពោះកុមារ ដើម្បីការពារកុំឲ្យមានករណីលង់ទឹកស្លាប់ និងថែមទាំងយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព ត្រូវមានអនាម័យល្អក្នុងការរស់នៅ ត្រូវពិសាទឹកដាំឆ្អិន និងសម្អាតបរិស្ថានជុំវិញផ្ទះជាដើម ។ល។ អំណោយដែលសាខាបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្ររងគ្រោះទាំងអស់នេះគឺ ក្នុង ១គ្រួសារទទួលបាននូវ ៖ អង្ករ ២០គីឡូក្រាម ,មី ១កេស ,ត្រីខ ៥កំប៉ុង ,ទឹកត្រី ១យួរ ,ទឹកសុទ្ធ ១កេស និងថវិកាចំនួន ២ម៉ឺនរៀល ៕

អត្ថបទទាក់ទង