ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលបានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាពលោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងដោយបានការអញ្ជើញចូលរួមពីឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល។មានប្រសាសន៍សំណេះសំណាលលោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នាពេលកន្លងមក។ ឆ្លៀតក្នុងឱកាសនោះលោកជំទាវរដ្ឋលេខាធិការ បានលើកឡើងអំពីការចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ហើយក៏បានរំលេចផងដែរអំពីក្របខណ្ឌគោលនយោបាយរបស់ក្រសួងក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃរបស់ប្រជាជននៅជនបទប្រកបដោយចីរភាព និងបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ។រាជរដ្ឋាភិបាលក៏ដូចជា ក្រសួងអភិវឌ្ឍន៍ជនបទបន្តខិតខំប្រែក្លាយតំបន់ជនបទទៅជាជនបទស៊ីវិស័យ និងមានកិត្យានុភាព ដើម្បីកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ ដែលក្រសួងមានយុទ្ធសាស្ត្រកម្មវិធីអាទិភាពចំនួន ៤ គឺ៖ ទី១៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ប្រទាក់ក្រឡា ធានាបាននូវតំបន់ជនបទសមាហរណកម្ម និងដើម្បីជំរុញសរសៃឈាមនៃកំណើនសេដ្ឋកិច្ចដល់ទីជនបទ ។ ទី២៖ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅឱ្យប្រជាជនជនបទរស់នៅមានឥរិយាបថល្អ ប្រកបដោយសុខភាពល្អ និងអនាម័យ ព្រមទាំងផាសុកភាព ។ ទី៣៖ ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ។ ទី៤៖ ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។បន្ទាប់ពីបានស្ដាប់របាយការណ៍វឌ្ឍនភាពលទ្ធផលការងាររយ:ពេល ៩ខែឆ្នាំ២០២៣ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ដោយលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ រួចមក ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា៖ ខេត្តកណ្តាលអាចចាត់ទុកជាខេត្តមានការអភិវឌ្ឍន៍រីកចម្រើនល្អប្រសើរលើគ្រប់វិស័យ។ ជាទូទៅ សភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្តពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែត្រូវបានពង្រឹងធានាបាននូវសុវត្ថិភាពល្អ សម្រាប់ការរស់នៅ ក៍ដូចជាការប្រកបរបរអាជីវកម្មផ្សេងៗ របស់ប្រជាពលរដ្ឋក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់មានចក្ខុវិស័យវែង ឆ្ងាយប្រកបដោយគតិបណ្ឌិតពោពេញដោយសមត្ថភាព និងមានមនសិកាស្នេហាជាតិខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាមគ្គុទ្ទេសក៍វ័យក្មេងដ៍ឆ្នើមមួយរូប បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដែលមានបាវចនា៥៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ធានាឱ្យបានកំណើនសេដ្ឋកិច្ច បង្កើតការងារឱ្យបានកាន់តែច្រើន សម្រេចឱ្យបាន នូវគោលដៅកាត់បន្ថយភាពក្រីក្របន្តពង្រឹងសមត្ថភាពអភិបាលកិច្ច លើកកម្ពស់គុណភាពស្ថាប័ន និងធានាឱ្យ បាននូវចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងអាទិភាពគន្លឹះ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេស ផ្តោតលើ បច្ចេកវិទ្យាឌីជីថល សម្រាបឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបដិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះនិងមធ្យោ បាយដ៍សំខាន់ នៃការសម្រេចបានចក្ខុវិស័យ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។