ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមកំសាន្តសប្បាយ នៅក្នុងពិធីអុំទូក នៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានច្រើនកុះករ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអំពាវនាវបែបនេះ នៅក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា និងការចុះពិនិត្យការងារត្រៀមរៀបចំ របស់គណៈកម្មការ រៀបចំពិធីអុំទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅសួនច្បារច្រមុះជ្រូក មាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ឯកឧត្តមអភិបាលខេត្តបន្តថា៖ នៅក្នុងព្រឹត្តិការពិធីអុំទូកនាថ្ងៃទី២៩ ខែតុលាខាងមុខនេះ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំឱ្យមានការអុំទូក ដែលមានទូកមកពីបណ្ដាក្រុង-ស្រុកនានានៅក្នុងខេត្ត ហើយសុទ្ធសឹងជាទូកល្អៗមកអ៊ុំកំសាន្តសប្បាយនាដងទន្លេបាសាក់ក្រុងតាខ្មៅ។ ទូកដែលចូលរួមប្រណាំង មានចំនួន ៧៣ទូក ក្នុងនោះមានទូកខ្នាតអន្តរជាតិ នារី ចំនួន ០២ទូក, ទូកខ្នាតអន្តរជាតិ បុរស ចំនួន ៣២ទូក, ទូកអុំ បុរស ចំនួន ៣៤ទូក និងទូកចែវ បុរស ចំនួន ០៥ទូក មានកម្លាំងអុំ ចំនួន ៤ ១៥២នាក់។ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងទៀតថា៖ ក្រៅពីពិធីអុំទូក រដ្ឋបាលខេត្តកណ្ដាល បានរៀបចំសោភ័ណភាពនៅក្រុងតាខ្មៅ ព្រមទាំងរៀបចំស្តង់ពិពណ៌ ការប្រគុំតន្ត្រីរបស់ក្រុមហ៊ុនGanzberg ការបណ្ដែតប្រទីប និងបាញ់កាំជ្រួចនៅពេលរាត្រីផងដែរ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃអភិបាលខេត្តកណ្ដាល បានណែនាំដល់គ្រប់អនុគណៈកម្មការទាំងអស់ ត្រូវអនុវត្តតាមតួនាទីភារកិច្ចដែលបានចែងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះដែរត្រូវរៀបចំនូវកន្លែងស្នាក់នៅជូនដល់ចំណុះទូកទាំងអស់ ឱ្យបានសមរម្យ ប្រកបដោយអនាម័យត្រឹមត្រូវ។ ពាក់ព័ន្ធទៅនឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តក្នុងពិធីប្រណាំងទូកនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់កងកម្លាំងទាំងបី ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ហើយប្រចាំការជាប្រចាំ ដើម្បីធ្វើឱ្យពិធីប្រណាំងទូករបស់យើងមិនមានបាតុភាពអ្វីមួយកើតឡើងជាយថាហេតុណាឡើយ។