រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលស្រុកមុខកំពូល រៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ដើម្បីឆ្លើយតបនឹងគម្រោងដែលជាតម្រូវការរបស់ប្រពលរដ្ឋនៅមូលដ្ឋាន

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលថ្នាក់ស្រុក នៃរដ្ឋបាលស្រុកមុខកំពូល នាព្រឹកថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានជំរុញដល់គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ត្រូវត្រួតពិនិត្យមើលយន្តការ ក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងឱ្យមានភាពរលូន ត្រូវពិនិត្យមើលប្រភពថវិការបស់មន្ទីរអង្គភាព ដើម្បីធ្វើការគាំទ្រគម្រោង របស់ឃុំដែលជាតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេសរបស់គម្រោងនីមួយៗផងដែរ។ ឯកឧត្តមបន្ថែមថា៖សម្រាប់ខេត្តកណ្តាលសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ/សង្កាត់នៅថ្នាក់ក្រុង/ស្រុកបានចាប់ផ្តើមពីថ្ងៃទី១៤ដល់ថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តាក្រុង/ស្រុកទាំង១៣ក្នុងខេត្ត។ ឯកឧត្តមបន្តថា៖សិក្ខាសាលាយើងនៅពេលនេះគឺជាការរួមចំណែកគាំទ្រឱ្យកាន់តែមានប្រសិទ្ឋភាពថែមទៀតក្នុងការអនុវត្តផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំតាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុមប្រឹក្សាឃុំ/សង្កាត់។ចំពោះឃុំ/សង្កាត់ជារៀងរាល់ឆ្នាំ ចំនួនគម្រោងជាតម្រូវការអាទិភាពដែលបានស្នើឡើងមានការ កើនឡើងជាលំដាប់ស្របតាមនិន្នាការនៃការអភិវឌ្ឍរបស់ប្រទេសជាតិ។ ឯកឧត្តមបញ្ជាក់បន្ថែមថា៖ជាក់ស្ដែងកម្រោងស្នើឡើងទូទាំងខេត្តឆ្នាំ២០២២សម្រាប់អនុវត្តឆ្នាំ២០២៣. មាន៣,៦៤៣ កម្រោង មាន ៧វិស័យ រួមមាន: វិស័យកសិកម្ម ៣៨៥ វិស័យអាជីវកម្ម ៤៤៣ គម្រោង វិស័យអប់រំ ៣១២ គម្រោង វិស័យសុខភាព ៨៤៤ គម្រោង វិស័យភាពងាយរងគ្រោះ ១៤៨ គម្រោង វិស័យបរិស្ថាន ៦២៩ គម្រោង និងវិស័យរដ្ឋបាលនិងសន្តិសុខ ៨៩២ គម្រោង ទទួលបានការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្ន ចំនួន២.១៦៤កម្រោង ស្មើ៥៩ភាគរយ។ដោយឡែកស្រុកមុខកំពូល គម្រោងស្នើឡើងទាំង៧វិស័យសរុប ១៧៤ រូបមាន: វិស័យ កសិកម្ម ២៤. វិស័យអាជីវកម្ម ៥៣គម្រោង វិស័យអប់រំ ២០ គម្រោងវិស័យសុខភាព ១៦ កម្រោង វិស័យភាពងាយរងគ្រោះ០៥ គម្រោង វិស័យបរិស្ថាន ២០ គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ៣៦ គម្រោង ទទួលបានការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្ន ចំនួន ១៣៦ គម្រោង ស្មើ៧៨ ភាគរយ។ ឯកឧត្តមសង្ឃឹមថាគម្រោងតម្រូវការជាអាទិភាពរបស់ឃុំទាំង០៧ នៅក្នុងស្រុកដែលស្នើឡើងក្នុងឆ្នាំ២០២៣សម្រាប់អនុវត្តឆ្នាំ២០២៤ ស្រុកមុខកំពូលនឹងទទួលបានការគាំទ្រពីមន្ទីរ/អង្គភាព និងសប្បុរសជនទៅតាមលទ្ឋភាព សង្គមស៊ីវិល និងធនធានដែលមានដើម្បីជួយអភិវឌ្ឍឃុំ/សង្កាត់ឲ្យកាន់តែមានការរីកចំរើនបន្ថែមទៀត។ បន្ថែមពីលើនេះ ឯកឧត្តមបានបញ្ជាក់ថា៖ នៅពេលបញ្ចប់សិក្ខាសាលា មន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដែលបានចុះកិច្ចសន្យាជួយគាំទ្រ ត្រូវយកចិត្តទុកដាក់ យកកិច្ចសន្យានេះ បញ្ចូលទៅក្នុងផែនការសកម្មភាព ប្រចាំឆ្នាំ ២០២៤ របស់ខ្លួន និងខិតខំអនុវត្តឱ្យមានប្រសិទ្ធភាព រាល់គម្រោងដែលមិនបានអនុវត្ត ត្រូវផ្តល់ព័ត៌មាន និងទំនាក់ទំនងគ្នាទៅវិញទៅមករវាងអ្នកគាំទ្រ និងក្រុមប្រឹក្សាឃុំ បញ្ហាសំខាន់គឺចំពោះគម្រោងដែលគ្រប់ឃុំបានស្នើឡើង ប្រសិនបើសិក្ខាសាលាថ្ងៃនេះ មិនទាន់ទទួលបានការគាំទ្រនោះទេ គឺត្រូវបន្តការពិភាក្សា ឬសម្របសម្រួលគ្នាសម្រាប់ ទទួលបានការគាំទ្រនៅពេលក្រោយទៀត។ ជាលទ្ធផលនៃសិក្ខាសាលានេះគំរោងគាំទ្រក្នុងសិក្ខាសាលាសរុបរួម ១៣៨/២២៩គម្រោង ស្មើនិង៦០ភាគរយ ក្នុងគម្រោង ៤៩/២២៩គម្រោង ស្មើនិង២១ភាគរយ ក្រៅគម្រោង ៨៩/២២៩គម្រោង ស្មើនិង៣៩ភាគរយ ដោយឡែកគម្រោងរបស់ក្រុង-ស្រុក ទទួលបានការគាំទ្រ ៤/៨៧គម្រោង ស្មើនិង៥ភាគរយ ក្នុងគម្រោង៤/៨៧ ស្មើនិង៥ភាគរយ ក្រៅគម្រោង ០គម្រោង៕

អត្ថបទទាក់ទង