ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិ៣ លើកទី៥ ឆ្នាំ២០២៣ នៅបរិវេណវត្តស្អាងភ្នំ ស្ថិតក្នុងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត តំណាងមន្ទីរអង្គភាពជុំវិញខេត្ត លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។ ថ្លែងក្នុងវេទិកានេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៣នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ដើម្បីប្រមូលពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណ:អភិបាលស្រុក សមាជិកក្រុមប្រឹក្សាឃុំ និងអ្នកពាក់ព័ន្ធដទៃទៀត។ ឯកឧត្តម បានបន្តថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ពិតជាបានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន និងបានស្តាប់នូវ របាយការណ៍បូកសរុបលទ្ធផលការងារ ដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេចបាន ក្នុងឆ្នាំកន្លងទៅ ហើយក៏ជាឱកាសមួយ សម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប។ ថ្លែងនៅក្នុងវេទិកានេះដែរ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានគាំទ្រ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានាឱ្យបានច្រើន ដើម្បីក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ យកមកធ្វើការពិភាក្សាស្រាយបំភ្លឺ និងឆ្លើយតបជូនវិញ សំដៅឈានទៅធ្វើការកែលម្អ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាពជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្តមអភិបាលរងខេត្ត បានគួសបញ្ចាក់ថា៖ រាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះ ក្នុងករណីដោះស្រាយបានភ្លាមៗ អាជ្ញាធរស្រុក ក៏ដូចជាក្រុមប្រឹក្សា គណៈអភិបាល មន្ទីរពាក់ព័ន្ធ នឹងធ្វើការដោះស្រាយជូនភ្លាមៗ ហើយចំពោះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះអាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សា និងគណៈអភិបាល នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។ សូមបញ្ជាក់ថា៖ អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់បានទទួលសំណូមពរ ពីប្រជាពលរដ្ឋ តាមក្រដាស/លិខិតចំនួន ៥១ ស្មើនឹង ៨០ សំណើ/សំណូមពរ, ផ្ទាល់មាត់ចំនួន ០៣ ស្មើនឹង ០៨ សំណើ/សំណូមពរ។ សរុបសំណើ/សំណូមពរចំនួន (ស្ទួន០៦) ក្នុងនោះផ្នែករដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់ (សរុបចំនួន ១៣) ផ្នែកសេដ្ឋកិច្ច (សរុបចំនួន ៦១) ផ្នែកសង្គមកិច្ច (សរុបចំនួន ០១) - ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុ (សរុបចំនួន ០៥) ៕