រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលស្រុកពញាឮ រៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ដើម្បីឆ្លើយតបនឹងគម្រោងដែលជាតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលថ្នាក់ស្រុក នៃរដ្ឋបាលស្រុកពញាឮ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានជំរុញដល់គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ត្រូវត្រួតពិនិត្យមើលយន្តការ ក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងឱ្យមានភាពរលូន ត្រូវពិនិត្យមើលប្រភពថវិការបស់មន្ទីរអង្គភាព ដើម្បីធ្វើការគាំទ្រគម្រោង របស់ឃុំដែលជាតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេសរបស់គម្រោងនីមួយៗផងដែរ។ ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា៖សិក្ខាសាលាយើងនៅពេលនេះគឺជាការរួមចំណែកគាំទ្រឱ្យកាន់តែមានប្រសិទ្ឋភាពថែមទៀតក្នុងការអនុវត្តផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំតាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុមប្រឹក្សាឃុំ/សង្កាត់។ចំពោះឃុំ/សង្កាត់ជារៀងរាល់ឆ្នាំ ចំនួនគម្រោងជាតម្រូវការអាទិភាពដែលបានស្នើឡើងមានការ កើនឡើងជាលំដាប់ស្របតាមនិន្នាការនៃការអភិវឌ្ឍរបស់ប្រទេសជាតិ។ឯកឧត្តមសង្ឃឹមថាគម្រោងតម្រូវការជាអាទិភាពរបស់ឃុំទាំង១១ នៅក្នុងស្រុកពញាឮ ដែលស្នើឡើងក្នុង ឆ្នាំ២០២៣ សម្រាប់អនុវត្តឆ្នាំ២០២៤ នឹងទទួលបានការគាំទ្រពីមន្ទីរ/អង្គភាព និងសប្បុរសជនទៅតាមលទ្ឋភាព សង្គមស៊ីវិល និងធនធានដែលមានដើម្បីជួយអភិវឌ្ឍឃុំ/សង្កាត់ឲ្យកាន់តែមានការរីកចំរើនបន្ថែមទៀត។ ឆ្លងតាមរយៈការចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្នរវាងឃុំ ស្រុកជាមួយមន្ទីរជំនាញជុំវិញខេត្ត អង្គការនានា គម្រោងទទួលបានការគាំទ្រសរុបមានចំនួន ២៤៨/៣០៣ គម្រោង ស្មើនិង៨២ភាគរយ ក្នុងគម្រោង ១៥៩/៣០៣ គម្រោង ស្មើនិង ៥២ភាគរយ ក្រៅគម្រោង ៨៩/៣០៣ គម្រោង ស្មើនិង ៣០ភាគរយ ដោយឡែកគម្រោងរបស់ស្រុក ទទួលបានការគាំទ្រ ៨/៨៦គម្រោង ស្មើនិង ៩ភាគរយ ក្នុងគម្រោង៨/៨៦ ស្មើនិង៩ភាគរយ ក្រៅគម្រោង ០គម្រោង។បន្ថែមពីលើនេះ ឯកឧត្តមបានបញ្ជាក់ថា៖ នៅពេលបញ្ចប់សិក្ខាសាលា មន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដែលបានចុះកិច្ចសន្យាជួយគាំទ្រ ត្រូវយកចិត្តទុកដាក់ យកកិច្ចសន្យានេះ បញ្ចូលទៅក្នុងផែនការសកម្មភាព ប្រចាំឆ្នាំ ២០២៤ របស់ខ្លួន និងខិតខំអនុវត្តឱ្យមានប្រសិទ្ធភាព រាល់គម្រោងដែលមិនបានអនុវត្ត ត្រូវផ្តល់ព័ត៌មាន និងទំនាក់ទំនងគ្នាទៅវិញទៅមករវាងអ្នកគាំទ្រ និងក្រុមប្រឹក្សាឃុំ បញ្ហាសំខាន់គឺចំពោះគម្រោងដែលគ្រប់ឃុំបានស្នើឡើង ប្រសិនបើសិក្ខាសាលាថ្ងៃនេះ មិនទាន់ទទួលបានការគាំទ្រនោះទេ គឺត្រូវបន្តការពិភាក្សា ឬសម្របសម្រួលគ្នាសម្រាប់ ទទួលបានការគាំទ្រនៅពេលក្រោយទៀត។

អត្ថបទទាក់ទង