+++++++++++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានបើកវគ្គបណ្តុះបណ្តាលរម្លឹកឡើងវិញ ស្តីពីនិតិវិធីនៃការរៀបចំបិទបញ្ជីគម្រោងថវិកាឆ្នាំ២០២៣ និងរៀបចំគម្រោងថវិកាមូលនិធិរដ្ឋបាលឃុំ-សង្កាត់ឆ្នាំ២០២៤ ជូនដល់សិក្ខាកាមដែលជាមេឃុំ-ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ មន្ត្រីគាំទ្រឃុំ-សង្កាត់ និងមន្ត្រីហិរញ្ញវត្ថុឃុំ-សង្កាត់ ក្រោមអធិបតីភាពឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរង ខេត្តកណ្តាល នៅសាលាខេត្តកណ្តាល។ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរង ខេត្តកណ្តាល បានមានប្រសាន៍ថា៖ គោលបំណងនៃវគ្គបណ្ដុះបណ្ដាល គឺតម្រូវអោយរដ្ឋបាលឃុំ សង្កាត់ ទាំងអស់រៀបចំពិនិត្យ និងអនុម័ត ទៅលើផែនការ និងថវិកាអោយបានសមស្រប តាមគោល ការណ៍ បែបបទលិខិតបទដ្ឋាន និងនីតិវិធីហិរញ្ញវត្ថុ ដែលបានកំណត់តាមសារាចរណែនាំ និងទាន់ពេលវេលា នៃឆ្នាំថវិកា ដើម្បីឲ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងស័ក្តិសិទ្ធភាព ហើយលោក លោកស្រី ដែលជា ស្មៀន មេឃុំ ចៅសង្កាត់ ដែលបានអញ្ជើញចូលរួម ក្នុងវគ្គបណ្តុះបណ្តាលរម្លឹកឡើងស្ដីពី និតិវិធីនៃការរៀបចំបិទបញ្ជីគម្រោងថវិកាឆ្នាំ២០២៣ និងរៀបចំ គម្រោង ថវិកាមូលនិធិរដ្ឋបាលឃុំ សង្កាត់ឆ្នាំ២០២៤ នាពេលនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យកទៅអនុវត្តក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមបន្តថា៖ជារៀលរាល់ឆ្នាំ រដ្ឋបាលខេត្តកណ្តាល តែងតែរៀបចំវគ្គបណ្តុះបណ្តាលរម្លឹកឡើងវិញពីនិតិវិធីនៃការរៀបចំបិទបញ្ជីគម្រោងថវិកាឆ្នាំ និ ងរៀបចំ គម្រោងថវិកាមូលនិធីរដ្ឋបាលឃុំ សង្កាត់ នៃឆ្នាំថវិកា ដែលមានទីចាត់ការហិរញ្ញវត្ថុខេត្ត ជាសេនាធិការ រដ្ឋបាលខេត្ត និងរតនាគារខេត្ត ក្នុងការណែនាំពីរបៀបរៀបចំបិទបញ្ជីថវិកាឆ្នាំ២០២៣ និងគ្រោងថវិកាឆ្នាំ២០២៤ ស្របតាមសារាចរណែនាំលេខ០១២ សហវ.ស.រ អហក ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ស្តីពីការបិទបញ្ជីចំណូល ចំណាយ និងការធ្វើរបាយការណ៍បូកសរុប ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៣ សារាចរណែនាំលេខ ០០៨ សហវ ស.រ អហក ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានីខេត្ត ឆ្នាំ២០២៤- ២០២៦ និងនិតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការដ្ឋបាលថ្នាក់ក្រោមឆ្នាំ២០២៤ និងសារាចរណែនាំលេខ០១៤ សហវ.ស.រ អហក ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ពីការអនុវត្តច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តមបានផ្តាំផ្ញើរ និងសង្កត់ធ្ងន់លើកិច្ចការមួយចំនួន ដែលរដ្ឋបាលឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតដូចជា៖ទី១ចំណូលវិភាជន៍ពីថ្នាក់ជាតិក្នុងកម្រិតអាត្រា ៣.៥%នៃចំណូលចរន្តថវិកាថ្នាក់ជាតិឆ្នាំ២០២៣ ចន្លោះ(៣៣០លានរៀលដល់ ៩៨២លានរៀល)។ទទួលបានពីថ្នាក់ជាតិ ១% នៃចំណូលចរន្តជាតិ ទទួលបានចន្លោះពី១១៨-២៤៦លានរៀល ឃុំសង្កាត់ សម្រាប់ចំណាយការអភិវឌ្ឍន៍ (ឆ្នាំ២០២៣ស្មើនឹង ១០២-២១៣លានរៀល)។ទទួលបានពីខេត្ត ៦%នៃចំណូលសារពើពន្ធខេត្ត សម្រាប់ចំណាយលើការអភិវឌ្ឍន៍មូលដ្ឋាន ទទួលបានចន្លោះពី៥០-១០៨លានរៀល/ឃុំ សង្កាត់ (ឆ្នាំ២០២៣ ទទួលបាន ៥.៥% ស្មើនឹង ៣០ទៅ៩០លានរៀល)។
សរុបកញ្ចប់ថវិកាឃុំសង្កាត់ប្រចាំឆ្នាំ ចន្លោះពី ៥០០លានទៅ ១៣០០លានរៀល (គិតជាដុល្លារ ១២៥ ០០០ដុល្លារ-៣២៥ ០០០ដុល្លារ) អាស្រ័យទៅលើការបែកចែកសមាមាត្រតាមឃុំ សង្កាត់នីមួយៗទី២ចំណាយ ការគ្រោងចំណាយរដ្ឋបាលឃុំ សង្កាត់ គឺសម្រាប់ចំណាយ ៣៥-៤០% (បន្ទុកបុគ្គលិកការងារដ្ឋបាលទូទៅ) សេវាសង្គម និងអនាម័យបរិស្ថាន ៥-១០% និងចំណាយផ្នែកអភិវឌ្ឍន៍៤០-៥០%)។ ឯកឧត្តមបានជម្រុញដល់ លោក លោកស្រី សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលទាំងមូល សូមយកចិត្តទុកដាក់ និងស្តាប់តាមការណែនាំពីគ្រូឧទ្ទេសខេត្ត បង្ហាត់បង្ហាញតាមកិច្ចវិធី នៃនិតិវិធីការរៀបចំបិទបញ្ជីថវិកាឆ្នាំ២០២៣ ឱ្យបានត្រឹមត្រូវ និងបន្តគ្រោងរៀបចំថវិកាឆ្នាំ២០២៤ របស់ រដ្ឋបាលឃុំ សង្កាត់ នីមួយៗរៀបចំសៀវភៅថវិកា មកដាក់ជូនទីចាត់ការហិរញ្ញវត្ថុខេត្តដើម្បីបានអនុលោមភាពថវិកា ពីរដ្ឋបាលខេត្ត៕