+++++++++++++++++++++ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងសហការី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកស្រី សុខ ឆវី ដែលបានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង ៦ៈ៤៥នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ ក្នុងជន្មាយុ ២៥ឆ្នាំ ដោយឧបទ្ទហេតុ គ្រោះថ្នាក់អគ្គីភ័យឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ បោកគក់ប៉ាក់ និងបោះពុម្ព (យីដា មេនូ ហ្វេកឆឺរើខូលអិលធីឌី) Yi Da Manufacturer Co;Ltd ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ស្ថិតក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំបំផុត ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល និងសហការី សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីអាណិតអាសូរ និងស្រណោះអាឡោះអាល័យជាទីបំផុតជាមួយគ្រួសារសពដែលបានបាត់បត់កូនស្រី ជាម្ដាយ ជាភរិយា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌របស់កូន។ ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលរង សូមឧទ្ទិសបួងសួងនូវមហាកុសលផលបុណ្យទាំងឡាយ ជូនចំពោះដួងវិញ្ញាណក្ខន្ធសព លោកស្រី សុខ ឆវី សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះផងដែរឯកឧត្ដម អភិបាលរងខេត្ត ក៏បាននាំយកថវិការរបស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ចំនួន ២០លានរៀល និងថវិការរបស់ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលននៃគណៈអភិបាលខេត្តកណ្ដាល ចំនួន ១០លានរៀល សម្រាប់ចូលបុណ្យសពផងដែរ។ គួរបញ្ជាក់ដែរថា គ្រោះថ្នាក់អគ្គីភ័យឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ បោកគក់ប៉ាក់ និងបោះពុម្ព (យីដា មេនូ ហ្វេកឆឺរើខូលអិលធីឌី) Yi Da Manufacturer Co;Ltd ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល វេលាម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិឫស្សី ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំពោះគ្រោះអគ្គិភ័យនេះ បានបង្កឱ្យស្ត្រីម្នាក់បានបាត់បង់ជីវិត ក្នុងភ្នក់ភ្លើង និង៥នាក់រងរបួស ក្នុងហេតុការណ៍ ឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅក្នុង ខេត្តកណ្តាលផងដែរ។