ខេត្តកណ្តាល៖ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំដល់អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុកគោលដៅក្នុងខេត្តកណ្តាល រួមមាន៖ស្រុកល្វាឯម ស្រុកអង្គស្នួល ស្រុកខ្សាច់កណ្តាល ស្រុកកោះធំ ស្រុកកៀនស្វាយ ស្រុកលើកដែក និងក្រុងសំពៅពូន ដើម្បីគាំទ្រដល់ការអនុវត្តការចុះបញ្ចីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍លើកឡើងថា៖ ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋនៅខេត្តកណ្តាល ជាបញ្ហាអត្ថិភាពសំខាន់ដែលតម្រូវឲ្យ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាលខិតខំពន្លឿនការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋរួម ទាំងក្បាលដីរដ្ឋទាំងអស់ឲ្យរួចរាល់ដើម្បីធានាបាននូវសុវត្ថិភាពដីធ្លីជូនប្រជាពលរដ្ឋ និងកាត់បន្ថយវិវាទដីធ្លីមកនៅត្រឹមកំរិតអប្បរមា និងជម្រុញការផ្តល់សេវាផ្សេងៗ ពាក់ព័ន្ធ និងវិស័យដីធ្លីឲ្យបានលឿន និងឆាប់រហ័ស ដើម្បីឲ្យការងារចុះបញ្ជីដីធ្លីនៅក្នុងខេត្តកណ្តាល ទទួល បានឆាប់រហ័សតាមការកំណត់របស់ក្រសួង ជូនបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលរងខេត្តក៏បានស្នើដល់មន្ទីររៀបចំដែនដី ការិយាល័យភូមិបាលក្រុង ស្រុក អាជ្ញាធរដែនដី ឃុំ ស្រុក ត្រូវផ្សព្វផ្សាយការងារចុះបញ្ចីដីធ្លីជូនប្រជាពលរដ្ឋអោយបានទូលំទូលាយ ដើម្បីឲ្យពួកគាត់ យល់ដឹងពីសារៈសំខាន់នៃការចុះបញ្ជីដីធ្លី និងជៀសវាងក្នុងកិច្ចដំណើរការទៅមានភាពយឺតយ៉ាវ និងបង្កការលំបាក។ ក្នុងឱកាសនោះ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកនូវទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដាន នឹងស្តាប់ពីការផ្សព្វផ្សាយ ណែនាំក្នុងកិច្ចប្រជុំនេះ ជាពិសេសត្រូវចូលរួមលើកជាសំណួរ ឲ្យបានផុលផុស ដើម្បីពង្រឹងចំណេះដឹង មានសមត្ថភាព គ្រប់គ្រាន់ ក្នុងការចូលរួមអនុវត្តន៍តាមគោលការណ៍ណែនាំទាំងនេះឲ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានណែនាំដល់អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ ទាំងអស់ក្នុងខេត្តកណ្តាល គឺត្រូវគោរពឲ្យបានទៅតាមការណែនាំ របស់ក្រុមអ្នកបច្ចេកទេស ក្នុងការចុះបញ្ជីដីធ្លីនេះ និងធ្វើការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួន ត្រូវត្រៀមឯកសារអោយបានគ្រប់គ្រាន់ ព្រមទាំងត្រូវកំណត់ទំហំក្បាលដី និងចំនួនក្បាលដីរបស់ខ្លួនឲ្យបានច្បាស់លាស់ និងត្រូវកំណត់ព្រំដី ជាមួយដីអ្នកជិតខាងឲ្យបានច្បាស់លាស់ ដើម្បីសម្រួលដល់ក្រុមការងារងាយស្រួលក្នុងការវាស់វែង ព្រមទាំងបញ្ជាក់ពីប្រវត្តិដីឲ្យបានជាក់លាក់ និងត្រូវបញ្ជាក់អ្នកគ្រប់គ្រងសំដៅងាយស្រួលក្នុងការចុះបញ្ជីដីធ្លីជាទ្រព្យសម្បត្តិខាងប្រពន្ធ ឬប្តី ឬក៏ជាទ្រព្យសម្បត្តិរួម ឲ្យមានប្រសិទ្ធិភាពខ្ពស់ និងស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា នៅយុទ្ធសាស្ត្របញ្ចកោណនោះដែរ ក៏មានការងារដីធី្ល ដែល ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ។ ឯកឧត្តម បានផ្តល់នូវអនុសាសន៍មួយចំនួន ជាមូលដ្ឋានគ្រឹះសម្រាប់អាជ្ញាធរមូលដ្ឋានធ្វើការអនុវត្ត សហការជាមួយក្រុមការងារចុះបញ្ជីដីធ្លី ឲ្យដំណើរការទៅដោយរលូន និងជម្រុញដល់ក្រុមការងារចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចឲ្យបានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ឲ្យបានរួចរាល់ទូទាំងប្រទេសនាឆ្នាំ២០២៥។ លោក លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល តំណាងលោក សុក កាន់រិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានបញ្ជាក់ថា៖ ខេត្តកណ្តាលមានក្រុងចំនួន០៣ ស្រុកចំនួន ១០ ឃុំ/ សង្កាត់ ចំនួន១២៧ និងមាន ភូមិចំនួន១,០១០ មានផ្ទៃដីសរុប ចំនួន ៣២៥,៤៩៣.៦៥៣ ហិកតា ដោយឡែកក្នុងឆ្នាំ២០២៣ បានប្រកាសតំបន់វិនិច្ឆ័យគ្រប់ភូមិទូទាំងខេត្ត ជាលទ្ធផល៖-វាស់វែងបាន១០៣,៦៧៣ ក្បាលដី-បញ្ចូលទិន្នន័យបាន៧៣,៦៣៤ ក្បាលដី-បិទផ្សាយបាន៥០,៥៤៨ ក្បាលដី-សម្រេចចេញប័ណ្ណបាន៣១, ៩៦០ ក្បាលដី-ចេញប័ណ្ណបាន៦១,៧៥៥ ប័ណ្ណបានអនុវត្តនីតិវិធីបណ្ណកម្មសិទ្ធិអំណោយពីរដ្ឋ អំណោយផ្តាច់ និងពន្ធសូន្យជំហ៊ានទី១ និងជំហ៊ានទី២ សរុបបានចំនួន ៣១,៥៦៧ក្បាលដី។ ប្រគល់ជូនដល់ដៃប្រជាពលរដ្ឋ បានចំនួន ២៥,៨៥៦ក្បាលដី និងបានកំពុងបន្តអនុវត្តជាជំហ៊ានៗបន្តទៀត៕