រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល ចុះត្រួតពិនិត្យការធ្វើអាជីវកម្មរបស់ប្រជានេសាទដោយលក្ខណៈ<> ក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានធ្វើការព្យាករណ៍ថាក្នុងខ្នើតទី២(ខែមករា) ការប្រមូលផលត្រីនៅដាយត្រីក្នុងភូមិសាស្ត្រស្រុកពញាឮនេះ មានការកើនឡើងធ្វេរដងបើធៀបនឹងឆ្នាំមុនៗ ខណៈដែលក្នុងខ្នើតទី១(ខែធ្នូ) មានការកើនឡើង ៥% បើធៀបនឹងឆ្នាំមុន។ លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានធ្វើការព្យាករណ៍បែបនេះក្នុងឱកាសលោក ចុះត្រួតពិនិត្យការធ្វើអាជីវកម្ម និងសំណេះសំណាលជាមួយប្រជានេសាទលក្ខណៈ<<ដាយត្រី>> ក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ។ លោកនាយខណ្ឌរដ្ឋបាលជលផលកណ្តាល បន្តថា៖ កត្តាដែលនាំឱ្យមានការកើនឡើងផលត្រីនាឆ្នាំនេះ គឺដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនីតិកាទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់គ្រប់អាជ្ញាធរពាក់ព័ន្ធទាំងអស់ និងដោយមានការដឹកនាំ និងបញ្ជាផ្ទាល់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបង្កើតក្រុមការងារពិសេសៗ ក្នុងការបង្ក្រាបរាល់បទល្មើសនេសាទគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលនាពេលកន្លងមក ទើបធ្វើឱ្យផលត្រីមានការកើនឡើងធ្វេដងនាឆ្នាំនេះ។ លោកនាយខណ្ឌរដ្ឋបាលជលផលកណ្ដាល សូមធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដែលមានបំណងចង់ធ្វើការខែច្នៃត្រីធ្វើ ប្រហុក ផ្អក ឬត្រីឆ្អើរផ្សេងៗ នៅឆ្នាំនេះមិនខ្វះត្រីទេ ព្រោះត្រីត្រូវមានរយៈពេលវែងនាឆ្នាំនេះ។ ជាមួយគ្នានេះដែរលោកនាយខណ្ឌរដ្ឋបាលជលផលកណ្ដាល ក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទាំងអស់ សូមចូលរួមជាមួយសមត្ថកិច្ចជំនាញ ឈប់ប្រើឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ព្រោះឧបករណ៍នេសាទខុសច្បាប់វាបានបំផ្លាញធនធានធម្មជាតិរបស់យើង ដែលនាំឱមានការបាត់បង់ពូជត្រីនាពេលអនាគត ពិសេសអ្នកដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ប្រឈមនឹងករណីទោសទាន់ផងដែរ។

អត្ថបទទាក់ទង