ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល បានបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី “កិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ” សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈបញ្ជាការឯកភាពខេត្តដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលក្រុង -ស្រុកទាំង១៣ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរាជរដ្ឋាភិបាល និងមន្ត្រីលេខាធិការដ្ឋាននៃគណៈកម្មការខេត្តនៃក្រុមការបោះឆ្នោត ។ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈបញ្ជាការឯកភាពខេត្ត បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អ្នកពាក់ព័ន្ធនានា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមក តែងតែបានចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ហើយរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចលេខ ៥៤ ស.ស.រ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា ដោយកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃបោះឆ្នោត។ឯកឧត្តមបានបន្តទៀតថា៖ អជ្ញាធរខេត្តបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីគាំទ្រ និងជំរុញ លើកិច្ចការស្រង់ឈ្មោះអង្គបោះឆ្នោត និងការបញ្ជាក់ឯកភាពតាមឋានានុក្រម ជាពិសេសការផ្លាស់ប្តូរសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ធ្វើយ៉ាងណាធានាឱ្យបាននូវសិទ្ធិបោះឆ្នោតរបស់អ្នកបោះឆ្នោត ចំពោះបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល បានដាក់ចេញនូវ ផែនការការពារ លេខ ០០៣ ជក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងបានកំណត់យ៉ាងច្បាស់អំពីគោលបំណង មុខសញ្ញា និងគោលដៅសំខាន់ៗ ដែលត្រូវការពារជាអាទិភាព ព្រមទាំងរៀបចំយន្តការ-រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត និងរៀបចំកម្លាំងការពារ យ៉ាងជាក់លាក់ ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ប្រព្រឹត្ត ទៅក្នុងបរិយាកាសសន្តិសុខល្អប្រសើរ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម គ្មានការភិតភ័យ ឬបំភិតបំភ័យ ក៏ដូចជាគ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងបន្តផ្តល់ការ គាំទ្រ កិច្ចសហការជាមួយអាជ្ញាធរបោះឆ្នោតគ្រប់លំដាប់ថ្នាក់ សំដៅធានាឲ្យការបោះឆ្នោតទាំងមូលសម្រេចបាន ជោគជ័យ ប្រកបដោយបរិយាកាស សន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ ស្របតាមច្បាប់ បទបញ្ជា និង នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និង សំណូមដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សូមបន្តផ្តល់កិច្ចសហការជាមួយគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និងយកចិត្តទុកដាក់ ក្រើនរំលឹកដល់អង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង សូមឱ្យថែរក្សា សុខភាព និងថែរក្សាឯកសារសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតឱ្យបានល្អ ព្រមទាំងចូលរួម បោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ។លោក ផាន់ ឫទ្ធិពល ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបានអោយដឹងថា៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ខេត្តកណ្តាលស្ថិតនៅមណ្ឌលភូមិភាគទី៣ មានចំនួន ៥ អាសនៈ មានអង្គបោះឆ្នោតជាតំណាងរាស្ត្រក្នុងតំណែងចំនួន ១១រូប សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងចំនួន ៩១៥រូប និងស្ថានីយ៍បោះឆ្នោតមួយកន្លែងមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល មានអ្នកបោះឆ្នោតសរុប ៩២៦រូប ដែលមានការិយាល័យបោះឆ្នោត ចំនួន២គឺ៖ ការិយាល័យលេខ ៣០០១ ការិយាល័យលេខ ៣០០២ និងមានគណបក្សនយោបាយចំនួន ៤ ឈរឈ្មោះ ដែលមានឈ្មោះក្នុងសន្លឹកឆ្នោតតាមលំដាប់លេខរៀងដូចខាងក្រោម៖១. គណបក្សប្រជាជនកម្ពុជា២. គណបក្សឆន្ទៈខ្មែរ៣. គណបក្សហ៊្វុនស៊ិនប៉ិច៤. គណបក្សកម្លាំងជាតិ