ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល និងលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត នៅព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងសេវាសង្គម និងគណនេយ្យភាពសង្គម ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ និងមន្ត្រីពាក់ព័ន្ធផងដែរ។ ក្នុងកិច្ចប្រជុំនេះឯកឧត្តម ប្រាក់ សារ៉ាត បានគួសបញ្ចាក់ថា ការងារសេវាសង្គម និងការងារគណនេយ្យភាពសង្គម គឺសុទ្ធតែជាការងារដែលរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញអោយអនុវត្ត ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ។ បើគិតពីលទ្ធផលនៃការអនុវត្តនាពេលកន្លងមក គឺនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលយើងបានទទួលលទ្ធផលគួរជាទីមោទនៈ ពោលគឺរដ្ឋបាលខេត្តបានទទួលចំណាត់ថ្នាក់លេខ២ នៃជើងឯកកម្រិតផ្កាយ៣ បន្ទាប់ពីខេត្តរៀមរាប ដែលទទួលបានជើងឯកលេខ១ ក្នុងការប្រឡងប្រណាំងប្រកួតប្រជែងកម្មវិធីពានរង្វាន់សេវាសង្គមនៅថ្នាក់ក្រោមជាតិ។ឯកឧត្តមអភិបាលរងខេត្ត ឱ្យដឹងដែរថា ក្នុងឆ្នាំ២០២២-២០២៣ រដ្ឋបាលខេត្តកណ្ដាលអាចទទួលបានជើងឯកលេខ១ ដោយរង់ចាំ ការប្រកាសជ័យលាភី ពីថ្នាក់ជាតិនាពេលឆាប់ៗនេះ។ ចំពោះនៅកម្រិតថ្នាក់ក្រុង-ស្រុក-ខណ្ឌ គឺរដ្ឋបាលស្រុកល្វាឯម គឺជាជើងឯកលេខ១ (ដែលកាលពីឆ្នាំមុខ គឺក្រុងតាខ្មៅ) ដោយឡែកកម្រិតផ្កាយ៣ មានក្រុង-ស្រុកចំនួន៩ និងឃុំ-សង្កាត់ចំនួន៩៧ កម្រិតផ្កាយ២ មានស្រុកចំនួន១ និងឃុំសង្កាត់ចំនួន២៦ និងកម្រិតផ្កាយ១ មានឃុំ សង្កាត់ចំនួន៤។នាឱកាសនោះដែរ ឯកឧត្តម ប្រាក់ សារ៉ាត និងលោកជំទាវ នួន នារតី បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងអំពីការងារសេវាសង្គម និងគណនេយ្យភាពសង្គម ត្រូវសហការ និងសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធ ពិសេសរដ្ឋបាលឃុំ សង្កាត់ ក្នុងការរៀបចំផែនទីសេវាសង្គមភូមិ។ ត្រូវតាមដាន និងត្រួតពិនិត្យលើការរៀបចំផែនការ និងការប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំ សង្កាត់ ដើម្បីធានានូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធិភាព ជាពិសេសត្រូវធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ អំពីផែនការ និងសកម្មភាពការងាររបស់ខ្លួន។