ខេត្តកណ្តាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំ កិច្ចប្រជុំផ្សព្វផ្សាយ លើការងារគ្រប់គ្រងធនធានរ៉ែ ក្នុងភូមិសាស្រ្តខេត្តកណ្តាល ដោយមានការអញ្ជើញចូល ពីអភិបាលក្រុង ស្រុក ទាំង១៣ មន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធនានា។មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ប៊ុន ផេង បានមានប្រសាសន៍ថា ការធ្វើអាជីវកម្មរ៉ែ ជាផ្នែកមួយ នៃចំណូលសេដ្ឋកិច្ចយ៉ាងសំខាន់ ដូច្នេះដើម្បីធានាបានថារាល់ការធ្វើអាវរកម្មរ៉ែ ប្រព្រឹត្តិ ទៅស្របតាមច្បាប់ មានអាជ្ញាប័ណ្ណមានបច្ចេកទេសត្រឹមត្រូវ តាមស្តង់ដា អាជ្ញាធរក្រុង-ស្រុក មន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធនានា ត្រូវយកចិត្តទុកដាក់ខ្ពស់ និងខិតខំប្រឹងប្រែង ក្នុងការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រង និងតាមដានត្រួតពិនិត្យទៅលើការធ្វើអាជីវកម្មធនធានរ៉ែ ឱ្យមានប្រសិទ្ធភាពក្នុងមូលដ្ឋានខ្លួន។ក្នុងកិច្ចប្រជុំនេះដែរ លោកប្រធានមន្ទីររ៉ែ និងថាមពល ខេត្តបានផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ លិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធជាធរមាន និងនិតិវិធីក្នុងកិច្ចប្រតិបត្តិការ អាជីវកម្មធនធានរ៉ែ។ លោកប្រធានបរិស្ថានខេត្តក៏បានធ្វើការផ្សព្វផ្សាយច្បាប់បរិស្ថាន ពាក់ព័ន្ធក្នុងការធ្វើអាជីវកម្មរ៉ែផងដែរ។