ខេត្តកណ្តាល៖ និយ័តករមូលបត្រកម្ពុជា និងរដ្ឋបាលខេត្តកណ្តាល បានរៀបចំសិក្ខាសាលា ការគាំពារវិនិយោគនិងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាល។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានថ្លែងថា៖សិក្ខាសាលានាពេលនេះ គឺបង្កើនការយល់ដឹង ចែករំលែក ព័ត៌មាន បទពិសោធន៍ និងក្របខណ្ឌគតិយុត្ត ពាក់ព័ន្ធនឹងវិស័យមូលបត្រ ដែលជាឧបករណ៍ហិរញ្ញវត្ថុថ្មីមួយ សម្រាប់វិនិយោគិននៅក្នុងទីផ្សារមូលបត្រ សំដៅសហការផ្សព្វផ្សាយជាលក្ខណៈចម្រុះជាពិសេស អាជ្ញាធរមូលដ្ឋាន ដើម្បីយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពអាជីវកម្មមូលបត្រត្រឹមត្រូវតាមច្បាប់ និងសកម្មភាពអាជីវកម្ម មូលបត្រដែលខុសច្បាប់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ប្រយោជន៍សាធារណៈ និងខាតបង់លុយកាក់របស់ បងប្អូនប្រជាពលរដ្ឋ ក្រោមរូបភាពវិនិយោគខុសច្បាប់ណាមួយជាយថាហេតុ។ ឯកឧត្តមបន្តថា៖ស្របពេលដែលសេដ្ឋកិច្ចជាតិមានភាពរីកចម្រើន គួបផ្សំនឹងបរិយាកាសវិនិយោគកាន់តែល្អប្រសើរ រួមផ្សំនឹងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មាន វិទ្យា យើងសង្កេតឃើញថា សកម្មភាពផ្សព្វផ្សាយកៀរគរថវិកាពីបងប្អូនប្រជាពលរដ្ឋ ក្រោមរូបភាពវិនិយោគ ឬការជួញដូរក្នុងទីផ្សារមូលបត្រ ដែលគ្មានប្រភពច្បាស់លាស់ ដោយសន្យាផ្ដល់ប្រាក់ចំណេញខ្ពស់ ប៉ុន្តែជាក់ស្តែង គឺជាការឆបោក បានកើតមាន ឡើងជាបន្តបន្ទាប់។ ជាក់ស្តែង មានក្រុមហ៊ុន អង្គការ សមាគម និងបុគ្គលដែលមានប្រជាប្រិយ ឬអ្នកជោគជ័យក្នុងបណ្តាញសង្គមមួយចំនួនតូចបានឃោសនាទាក់ទាញឱ្យប្រជាពលរដ្ឋចូលរួមដាក់ទុនរកស៊ីដោយផ្សព្វផ្សាយតាមFacebook, Tik Tok, Telegram ជាដើម។ល។ ដោយសន្យាផ្តល់ការប្រាក់ខ្ពស់ ក្នុងរយៈពេលខ្លី នឹងទទួលបានផលចំណេញច្រើន។តាមរយៈការផ្សព្វផ្សាយប្រកបដោយវិធីសាស្ត្រ ល្បិចទាំងនេះប្រជាពលរដ្ឋរបស់យើង ក៏ទុកចិត្ត ជាប់អន្ទាក់ និងបានធ្វើការវិនិយោគ ហើយចុងក្រោយទើបដឹងថាចាញ់បោកអ្នកវិយោគិនទាំងនោះ ដោយខាតបង់ទាំងប្រាក់កាក់ និងពេលវេលា។ដូច្នេះសិក្ខាសាលាផ្សព្វផ្សាយនាឱកាសនេះ គឺពិតជាមានសារៈសំខាន់ ក្នុងការចែករំលែកព័ត៌មាន បទពិសោធន៍ និងក្របខណ្ឌគតិយុត្ត ពាក់ព័ន្ធនឹងវិស័យមូលបត្រ និងដើម្បីឱ្យអាជ្ញាធរមូលដ្ឋានរបស់ខេត្ត មានការយល់ដឹងកាន់តែច្បាស់ ដើម្បីបន្តធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យយល់ដឹងអំពីសកម្មភាព អាជីវកម្មមូលបត្រត្រឹមត្រូវតាមច្បាប់ និងសកម្មភាពអាជីវកម្មបណ្តាក់ទុនរកស៊ីដែលខុសច្បាប់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ប្រយោជន៍សាធារណៈ និង ខាតបង់លុយកាក់របស់បងប្អូនប្រជាពលរដ្ឋ និងអាចមានសមត្ថភាពធ្វើការបង្ការ ទប់ស្កាត់បានទាន់ពេលវេលា ចំពោះករណីការបោកប្រាស់ណាមួយពីវិនិយោគិនមួយ ចំនួនតូច ទៅលើប្រជាពលរដ្ឋនៅមូលដ្ឋានរបស់យើង។ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់លោក លោកស្រី ជាថ្នាក់ដឹកនាំនៅមូលដ្ឋាន កងកម្លាំង និងសិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញរបស់វាគ្មិនដែលអញ្ជើញមកពីនិយតីករមូលបត្រកម្ពុជា, ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ តាមរបៀបវារៈ គ្រោងទុក និងសូមលើកយកនូវសំណួរ បញ្ហាជាក់ស្តែងក្នុងករណីដែលយើងសង្កេតឃើញថាមាន ឬបម្រុងនឹងកើតនៅមូលដ្ឋាន ដើម្បីធ្វើការពិភាក្សា សុំយោបល់ រក ដំណោះស្រាយ ពីវាគ្មិនដែលមានបទពិសោធន៍ ជំនាញវិជ្ជាជីវៈ នៅក្នុងអង្គសិក្ខាសាលាដ៏សំខាន់នេះ។ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា៖ សិក្ខាសាលានាថ្ងៃនេះ គឺចង់ឲ្យប្រជាពលរដ្ឋរបស់យើងយល់ដឹងលេីការវិនិយោគលេីវិសយ័មូលបត្រ ដោយអនុវត្តអោយបានត្រឹមត្រូវជាមួយក្រុមហ៊ុនវិនិយោគមានច្បាប់ទំលាប់ត្រឹមត្រូវ។ កត្តាសំខាន់មួយទៀត គឺសូមអោយអាជ្ញាធរមូលដ្ឋានបន្តផ្សព្វផ្សាយពីសារសំខាន់ នៃវិស័យមូលបត្រ កុំឲ្យគេបោកប្រាស់បាន និងការពារក្រុមហ៊ុន ដែលមានច្បាប់ត្រឹមត្រូវ ដេីម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ។ ឯកឧត្តម មានប្រសាសន៍បន្តទៀតថា៖ ដើម្បីឲ្យសង្គមជាតិយើង សេដ្ឋកិច្ចរបស់យើងកាន់តែរីកចម្រើនដោយចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ។ឯកឧត្តមអគ្គនាយកក៏បានណែនាំដល់សារធារណៈជនទូទៅ សូមកុំខ្លាចចំពោះការវិនិយោគ ប៉ុន្តែត្រូវធ្វើការវិនិយោគដោយត្រឹមត្រូវ ដែលនឹងផ្តល់នូវការរីកចម្រើន និងកំណើនហិរញ្ញវត្ថុ។ សូមវិនិយោគលើផលិតផលស្របច្បាប់ជាមួយនឹងក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីអាជ្ញាធរ និយ័តករមានសមត្ថកិច្ច ហើយត្រូវប្រុងប្រយ័ត្នចំពោះគម្រោងវិនិយោគ ឬការផ្សព្វផ្សាយដើម្បីកៀរគរទុនវិនិយោគ ដែលសន្យាផ្ដល់នូវប្រាក់ចំណេញខ្ពស់ខុសប្រក្រតី ព្រោះការវិនិយោគ ឬការផ្សព្វផ្សាយទាក់ទាញសាធារណជនឱ្យដាក់ប្រាក់បែបនេះ អាចជាការឆបោក។ឯកឧត្តមអគ្គនាយក បានបញ្ជាក់បន្ថែមថា៖ អង្គសិក្ខាសាលានេះ គឺក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងឲ្យកាន់តែស៊ីជម្រៅពាក់ព័ន្ធ នឹងវិស័យមូលបត្រ ជូនដល់ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ថ្មីៗ ពាក់ព័ន្ធនឹងវិស័យមូលបត្រ ។ ម៉្យាងទៀត ក៏ជាការបង្កាជូនដល់ប្រជាពលរដ្ឋក្នុងការចាញ់បាក ពី អាជីវកម្មមូលបត្រដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវតាមច្បាប់ បានធ្វើសកម្មភាពបោកប្រាស់នៅតាមប្រព័ន្ធសង្គម ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនក៏បានទទួលរងគ្រោះផងដែរនាពេលកន្លងមក ៕