រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលថ្មម៉ិច ចំនួន១ខ្សែ ប្រវែង១៩១៥ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅស្រុកមុខកំពូល

+++++++++++++++++++++++++ខេត្តកណ្ដាល៖ ផ្លូវ១ខ្សែ ប្រវែង១៩១៥ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបានឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញបើកការដ្ឋានជួសជុលក្រាលថ្មម៉ិច នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកមុខកំពូល និងប្រជាពលរដ្ឋជាច្រើននាក់។

មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា៖ ផ្លូវនេះកាលពីដើមឡើយ ជាផ្លូវរទេះ ដែលប្រជាពលរដ្ឋក្នុងឃុំ ប្រើសម្រាប់ ដឹកកសិផលរបស់ពួកគាត់ ហើយការជួសជុលផ្លូវក្រាលថ្មម៉ិច នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេង ថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនទៀត របស់ស្រុកមុខកំពូល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម មានការវិវត្តរីកចម្រើន ប្រកបដោយសោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន «មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ,មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ»។

ឯកឧត្ដម បន្តថា៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺ: កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានការកែទម្រង់ដ៏មុតស្រួច ដោយបានកំណត់អាទិភាពជាគន្លឹះ ចំនួន ៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជា ពិសេសផ្ដោតលើ "បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹង សេដ្ឋកិច្ច-សង្គម ព្រមទាំង តម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់ នៃការសម្រេចបានចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។ បន្ថែមពីនេះ ឯកឧត្ដម អភិបាលខេត្ត បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមបរិច្ចាគដីធ្លី ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងស្មារតីនៃ «វប្បធម៌ចែករំលែក» ជូនដល់អាជ្ញាធរ ដើម្បីសាងសង់ផ្លូវនេះឡើង សម្រាប់ប្រជាជនទូទៅប្រើប្រាស់ជាសាធារណៈ។

ជាមួយគ្នានេះ ឯកឧត្ដម ស្នើក្រុមហ៊ុន អនុវត្តគម្រោង ត្រូវធ្វើកិច្ចសហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋឱ្យបានល្អ និងអនុវត្តតាមបទដ្ឋានបច្ចេកទេស ទាំងបរិមាណ និងគុណភាព ដើម្បីធានាការប្រើប្រាស់ផ្លូវនេះបានយូរឆ្នាំ ជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ។ ក្នុងឱកាសនេះដែរ ផ្តាំផ្ញើដល់រដ្ឋបាលស្រុក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ពង្រឹងអភិបាលកិច្ចល្អ និង អនុវត្តឱ្យបានជាប់ជានិច្ច នូវបាវចនា២ និងអភិក្រម៥ គឺ៖ បាវចនា ២ «កែទម្រង់ ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និង អភិក្រម ៥ «ឆ្លុះកញ្ចក់, ងូតទឹក ដុះក្អែល, ព្យាបាល និង វះកាត់ »។ បន្តយកចិត្តទុកដាក់អនុវត្តគោល នយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើររួមមាន៖ទី១. ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាពនិងទទួលបានជំនឿទុកចិត្ត។ ទី២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ទី៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ទី៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារនិងគ្មានក្មេងទំនើង។ទី៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិង ប្រសិទ្ធភាព។ទី៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។ទី៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះ គ្រោះមហន្តរាយ និង រាល់ជំងឺឆ្លងរាតត្បាត កាចសាហាវ ប្រកបដោយប្រសិទ្ធភាព។

អត្ថបទទាក់ទង