រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ខេត្តកណ្តាល៖ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កិច្ចប្រជុំផ្សព្វផ្សាយនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការ និងរដ្ឋបាលក្រុងស្រុកទាំង១៣ នៅសាលាខេត្តកណ្តាល ។ ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា៖ ក្រសួងអភិវឌ្ឍន៍ជនបទក៏បានដាក់ចេញទិសដៅបន្តរបស់ខ្លួន ក្នុងការលើកកម្រិតគុណភាពផ្លូវជនបទ ពីផ្លូវដីទៅជាផ្លូវក្រាលបេតុង និងកៅស៊ូពីរជាន់។ ការជំរុញស្ថាបនា និងវិនិយោគសាធារណៈលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន(ផ្លូវលំ និងប្រព័ន្ធចែកចាយទឹក និងអនាម័យ) នៅកន្លែងដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។ ការថែទាំឱ្យមានចីរភាពយូរអង្វែងនៃសមិទ្ធផលដែលបានកសាងរួច។ ការបណ្តុះបណ្តាលធនធានមនុស្សនូវជំនាញមូលដ្ឋាន ដើម្បីបង្កើតមុខរបរទទួលប្រាក់ចំណូលគ្រួសារ។ ការជំរុញពង្រីកវិសាលភាពក្នុងការរៀបចំបង្កើតភូមិគំរូ។ ការរៀបចំគោលនយោបាយ ច្បាប់ និងបទដ្ឋានគតិយុត្ត នានា និងការពង្រឹងស្ថាប័ន ដោយបន្តជំរុញការធ្វើវិមជ្ឈការ និងវិសហមជ្ឈការដល់មន្ត្រីនៅតាមមូលដ្ឋាន ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារ។ ជាមួយគ្នានេះដែរ លោកជំទាវ រដ្ឋលេខាធិការ បានថ្លែងអំណរគុណ ដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល ដែលតែងតែឧបត្ថម្ភ និងគាំទ្រកម្មវិធី និងគោលនយោបាយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសបានជំរុញការងារបញ្ចប់ការបន្ទោបង់ពាស វាលពាសកាល (ODF) និងការបញ្ចប់បន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF plus) ព្រមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀត និងសូមអរគុណ លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ អភិវឌ្ឍន៍ជនបទ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចទៅតាមជំនាញក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនលើការងារវិស័យអភិវឌ្ឍន៍។ លោកជំទាវ រដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ដើម្បីចូលរួមចំណែកការងារលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ សម្រាប់ទិសដៅការងារឆ្នាំ២០២៤ ដូចជា៖ ត្រូវរៀបចំបញ្ជីសារពើភ័ណ្ឌផ្លូវជនបទទាំងបីប្រភេទ រួមមាន ផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង និងផ្លូវល្បាយគ្រួស នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។ ត្រូវរៀបចំធ្វើបញ្ជីផ្លូវដែលត្រូវជួសជុលបន្ទាន់ ថែទាំខួប និងថែទាំប្រចាំ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។ ត្រូវពិនិត្យមើល ផ្ទៀងផ្ទាត់ និងស្រង់ទិន្នន័យការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ព្រមទាំងបន្តជំរុញការអនុវត្តតាមយន្តការដែលមានស្រាប់ ដើម្បីចូលរួម សម្រេចឱ្យបានអត្រាគ្របដណ្តប់ទូទាំងប្រទេស ១០០% នៅឆ្នាំ២០៣០។ ត្រូវបន្តសហការជាមួយក្រុមការងារ ODF plus ថ្នាក់ជាតិ ដែលគ្រោងនឹងចុះមកពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃការងារ ODF plus ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដើម្បីឈានទៅសម្រេចជោគជ័យ និងផ្តល់កិត្តិយសជូនរដ្ឋបាលខេត្តទាំងមូល។ ត្រូវយកចិត្តទុកដាក់ និងរៀបចំផែនការនៃការអភិវឌ្ឍភូមិគំរូ ដោយកំណត់ជ្រើសរើសយកភូមិ គោលដៅដែលមានសក្តានុពលខ្ពស់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដើម្បីការអភិវឌ្ឍប្រកបដោយ ចីរភាព។ ជំរុញការងារធ្វើពិពិតកម្មសកម្មភាពសេដ្ឋកិច្ច ជាពិសេសសមាហរណកម្មតំបន់ជនបទតាមរយៈ ការពង្រឹងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជនបទ ឱ្យមានការតភ្ជាប់គ្នាគ្រប់ច្រកល្ហករវាងតំបន់ ជនបទ និងទីប្រជុំជន ជាពិសេសតំបន់ដែលមានសក្តានុពសេដ្ឋកិច្ចខ្ពស់។

អត្ថបទទាក់ទង