រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ ស្តីពីវឌ្ឍនភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមប្រចាំឆមាសទី១ និងលើកទិសដៅប្រចាំឆមាសទី២ ឆ្នាំ២០២៤

ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល និងលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមប្រចាំឆមាសទី១ និងលើកទិសដៅប្រចាំឆមាសទី២ ឆ្នាំ២០២៤ ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ និងមន្ត្រីពាក់ព័ន្ធផងដែរ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប្រាក់ សារ៉ាត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺមានសារ:សំខាន់ណាស់ ក្នុងការត្រួតពិនិត្យ លើវឌ្ឍនភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម រយៈពេលត្រីមាសទី១ និងចែករំលែកនូវមេរៀនបទពិសោធន៍ ការអនុវត្តល្អៗ និងរួមគ្នារកដំណោះស្រាយនានាក្នុងការអនុវត្តការងារកន្លងមក សំដៅ ឆ្លើយតបទៅនឹងតម្រូវការនៃការអនុវត្តនៅក្នុងមូលដ្ឋានភូមិសាស្ត្រខេត្តកណ្តាល។ឯកឧត្តម ប្រាក់ សារ៉ាត បានបញ្ជាក់ថា ការងារគណនេយ្យភាពសង្គមនេះ គឺមានចក្ខុវិស័យផ្ដោតទៅលើការពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្ដល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅអនុវត្តកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម នៅខេត្តកណ្តាល គឺបានចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ២០២០មកម្លេះ ហើយចំពោះអង្គភាពគោលដៅអនុវត្តគម្រោងកម្មវិធីគណនេយ្យភាពសង្គមនេះ សរុបមានចំនួន ៦០១អង្គភាព ដោយនៅតាមរដ្ឋបាលឃុំ សង្កាត់ទាំង១២៧ នៅសាលាបឋមសិក្សាមានចំនួ ន៣៦៥សាលា និងនៅតាមមណ្ឌលសុខភាពមានចំនួន១០៧ និងបានអនុវត្តនៅតាមសាលាក្រុង-ស្រុក ចំនួន២ គឺ (ក្រុងតាខ្មៅ និងស្រុកស្អាង)។ឯកឧត្តម ប្រាក់ សារ៉ាត និងលោកជំទាវ នួន នារតី បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងអំពីការងារសេវាសង្គម និងគណនេយ្យភាពសង្គម ត្រូវសហការ និងសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធ ពិសេសរដ្ឋបាលឃុំ សង្កាត់ ក្នុងការរៀបចំផែនទីសេវាសង្គមភូមិ។ ត្រូវតាមដាន និងត្រួតពិនិត្យលើការរៀបចំផែនការ និងការប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំ សង្កាត់ ដើម្បីធានានូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធិភាព ជាពិសេសត្រូវធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ អំពីផែនការ និងសកម្មភាពការងាររបស់ខ្លួន។

អត្ថបទទាក់ទង