ខេត្តកណ្ដាល៖ គោលបំណងសំខាន់ ក្នុងការប្រមូលតម្រូវការគម្រោងសកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៥-២០២៧ គឺដើម្បីណែនាំដល់មន្ទីរជំនាញក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធនានា ពិនិត្យពិចារណាលើ គម្រោងដែលជាតម្រូវការ គម្រោងជាអាទិភាពដើម្បីបញ្ចូល ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តឲ្យស្របតាមស្ថានភាពជាក់ស្ដែងរបស់មូលដ្ឋាន ឲ្យទាន់ពេលវេលាតាមការកំណត់។នេះជាការលើកឡើង របស់ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល នៅក្នុងកិច្ចប្រជុំពិនិត្យចាត់អាទិភាពគម្រោងកម្មវិធីវិនិយោគ បីឆ្នាំរំកិលខេត្តឡើងវិញ ឆ្នាំ២០២៥-២០២៧ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពី មន្ទីរជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកផងដែរ។ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា រាល់សំណើគម្រោងទាំងឡាយណាដែលមន្ទីរ រដ្ឋបាលក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធលើកឡើងត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យស្របទៅតាមលក្ខន្តិកៈវិនិច្ឆ័យដែលបានកំណត់ក្នុងសៀវភៅណែនាំបច្ចេកទេស ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យដូចជា÷ ១ស្របនឹងក្របខ័ណ្ឌអភិវឌ្ឍន៍មានន័យថា គម្រោង ឬសេវាទាំងនោះត្រូវឆ្លើយតប ទៅនឹងគោលបំណង គោលដៅ និងដំណោះស្រាយក្នុ្ងងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ដ ។ ២ស្ថិតក្នុងដែនសមត្ថកិច្ចខេត្ត គម្រោង ឬសេវាទាំងនោះត្រូវស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ រដ្ឋបាល ។ ៣ស្ថិតក្នុងអន្តររដ្ឋបាលដែនដី គម្រោង ឬសេវាដែលមានលក្ខណៈអន្ដរក្រុង-ស្រុក ។ ៤កំណត់អតិបរមាលើចំនួនគម្រោង គឺត្រូវកំណត់យកគម្រោងតាមចំនួន ដែលបានកំណត់ ករណីដែលមានការស្នើឡើងច្រើន។ឯកឧត្តមអភិបាលរងខេត្ត បានស្នើឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវកំណត់បញ្ហាស្នូល ហើយត្រូវដំណោះស្រាយឲ្យបានច្បាស់លាស់ ត្រូវចាត់អតិភាពគម្រោងដើម្បីអនុវត្តឲ្យស្របតាមតម្រូវការជាក់ស្ដែងរបស់មូលដ្ឋានខ្លួន ។ ត្រូវខិតខំឲ្យអស់ពីលទ្ធភាពក្នុងការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងផែនការអភិវឌ្ឍន៍នានាឲ្យបានទាន់ពេលវេលា។ លោក ម៉ីន ឈុន ប្រធានមន្ត្រីផែនការខេត្តកណ្ដាល បានឲ្យដឹងថាគម្រោង អាទិភាពកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តកណ្តាល ឆ្នាំ២០២៥-២០២៧ សរុបមាន ៤៩៦គម្រោង ដោយក្នុងនោះរួមមាន៖ -ផ្នែកសេដ្ឋកិច្ចមានចំនួន ៣៨៧ គម្រោង -ផ្នែកសង្គមកិច្ចមានចំនួន ៦៤ គម្រោង -ផ្នែកប្រើប្រាស់ដីធ្លី និងគ្រប់គ្រងធនធានធម្មជាតិមានចំនួន ៣១ គម្រោង និងផ្នែករដ្ឋបាល និងសន្តិសុខមានចំនួន ១៤ គម្រោង។