++++++++++ខេត្តកណ្តាល៖តំបន់ខ្វះខាតទឹកប្រើប្រាស់ក្នុងស្រុកចំនួន២ក្នុងខេត្តកណ្តាល រួមមាន៖ស្រុកពញាឮ ឃុំជ្រៃលាស់ និងស្រុកមុខកំពូល ឃុំសំបួរមាស និងឃុំស្វាយអំពារ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យស្ថានភាពអណ្ដូងទឹក ស្រះទឹក និងស្ថានីយផលិតទឹកស្អាតដែលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៤នេះ។ លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រមទាំងសហការី បានចុះពិនិត្យតាមភូមិដែលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ រួមមាន៖ ភូមិតាគោ ភូមិតាពេទ្យ ភូមិស្លែង ភូមិត្រពាំងរបង និងវត្តពពែក្រោម ក្នុងឃុំជ្រៃលាស់ ស្រុកពញាឮ និងចុះពិនិត្យទីតាំងបូមទឹកនៅវត្តពាម ឃុំសំបួរមាស និងស្ថានីយផលិតទឹកស្អាតសហគមន៍ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់ទឹកប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់កំពុងរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ ក្នុងឱកាសចុះត្រួតពិនិត្យនេះ លោកជំទាវ លីម មុយឡេង មានប្រសាសន៍ថា៖ ការចុះត្រួតពិនិត្យស្ថានភាពអណ្ដូងទឹក ស្រះទឹក និងស្ថានីយផលិតទឹកស្អាត នាពេលនេះគឺដើម្បីឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្ន ដែលពិភពលោក កំពុងជួបប្រទះវិបត្តិ នៃការប្រែប្រួលអាកាសធាតុ ក៏ដូចនៅក្នុងប្រទេសកម្ពុជានាឆ្នាំនេះ ដែលអាកាសធាតុខែប្រាំងនេះបានបន្តអូសបន្លាយរយៈពេលវែងនឹងការកើនកម្តៅ ដែលជាការព្រួយបារម្ភអំពីភាពរាំងស្ងួតខ្លាំង ដែលអាចធ្វើឱ្យប្រជាពលរដ្ឋ ខ្វះខាតទឹកសម្រាប់បរិភោគ និងប្រើប្រាស់ប្រចាំថ្ងៃ ។ លោកជំទាវបន្តថា៖ដោយនៅក្នុងរដូវនេះជារដូវរាំងស្ងួត ហើយនៅក្នុងឃុំទាំងពីរនេះប្រឈមខ្លាំងទៅនឹងការខ្វះខាតទឹកប្រើប្រាស់ ទើបក្រសួងអភិវឌ្ឍន៍ជនបទ ចុះមកពិនិត្យជាក់ស្តែងដើម្បីដោះស្រាយបញ្ហាទាំងនេះអោយបានទាន់ពេលវេលាជូនបងប្អូនប្រជាពលរដ្ឋ។ ក្នុងពេលជួបជាមួយប្រជាពលរដ្ឋដែលខ្វះទឹកបរិភោគ និងប្រើប្រាស់ប្រចាំថ្ងៃ លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការ បានផ្ដល់ធុងស្តុកទឹកចំណុះ ១០០០លីត្រ ចំនួន ២ធុង និងប៊ីដុងចំណុះ ២០លីត្រចំនួន ៣០ប៊ីដុង និងជួសជុលអណ្ដូងទឹកចំនួន ២អណ្ដូង នៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ ទន្ទឹមនឹងនោះ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏បានឧបត្ថម្ភពាងទឹកចំនួន ២ពាង ជូនគ្រួសារក្រីក្រ ១គ្រួសារ និងបានផ្ដល់អណ្ដូងទឹកចំនួន ២អណ្ដូង នៅភូមិស្លែង និងវត្តពពែក្រោម និងជួសជុលអណ្ដូងស្នប់ចំនួន ១អណ្ដូងផងដែរ និងបានណែនាំដល់ប្រជាពលរដ្ឋត្រូវទទួលទានទឹកដែលមានអនាម័យ ធ្វើការសំអាតបរិស្ថានអោយបានស្អាត អោយមានសោភ័ណ្ឌភាព ពិសេសសូមប្រើប្រាស់ទឹកដោយសន្សំសំចៃ និងចូលរួមដាំដើមឈើអោយបានគ្រប់ៗគ្នាដើម្បីអោយបរិស្ថានរបស់យើងមានភាពបៃតង និងកាត់បន្ថយកម្តៅ។ សូមបញ្ជាក់ថា៖ក្រសួងអភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាជនទូទាំងប្រទេស អាស្រ័យហេតុនេះក្រសួងក៏បានចេញសេចក្ដីណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទក្រសួងទាំងអស់ចាត់វិធានការ និងកិច្ចអន្តរាគមន៍បន្ទាន់លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលអកាសធាតុ៕