រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្ត្រីនៃអនុគណៈកម្មាធិការ វិនិយោគរាជធានីភ្នំពេញ និងខេត្តកណ្តាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកណ្ដាល បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្ត្រីនៃអនុគណៈកម្មាធិការ វិនិយោគរាជធានីភ្នំពេញ និងខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលខេត្តកណ្ដាល និងឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា។មានប្រសាសន៍ក្នុងសិក្ខាសាលា ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា៖ សិក្ខាសាលាដ៏មានសារៈសំខាន់ និងចាំបាច់សម្រាប់ វិនិយោគិន ពាណិជ្ជករ ក៏ដូចជាមន្ត្រីជាសមាជិកអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ដូននេះមន្ត្រីនៃអនុគណៈកម្មាធិការ វិនិយោគរាជធានីភ្នំពេញ និងខេត្តកណ្តាល សូមយកចិត្តទុកដាក់ ស្តាប់ និងស្វែងយល់នូវការអនុវត្តច្បាប់ និងជំរុញការអនុវត្តវិស័យវិនិយោគឱ្យកាន់តែប្រសើរឡើង ដើម្បី រួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចរាជធានី-ខេត្ត ក៏ដូចជាសេដ្ឋកិច្ចជាតិ ជាប្រយោជន៍លើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យ កាន់តែល្អប្រសើរ។ឯកឧត្ដម អភិបាលរងខេត្តកណ្ដាល បន្តថា៖ អនុគណៈកម្មាធិការវិនិយោគខេត្តកណ្តាល មានតួនាទី និងភារកិច្ចពិនិត្យ និងសម្រេចលើការចុះបញ្ជី ការផ្តល់ការលើកទឹកចិត្ត ការធានា ការទិញ ការលក់ ការរួមបញ្ចូលគ្នា ការលុប និងការដោះស្រាយវិវាទនានា ពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជន ដែលមានទុន វិនិយោគសមមូលនឹង៥ (ប្រាំ) លានដុល្លារអាមេរិកចុះ នៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តកណ្តាល ស្របតាមនីតិវិធីដែលបានកំណត់ ដោយអនុក្រឹត្យ និងស្របតាមបទបញ្ញត្តិនានានៃច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលសំដៅលើការលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព នៃការវិនិយោគបុគ្គល បរទេស និងខ្មែរក្នុងប្រទេសកម្ពុជា ធ្វើការចុះបញ្ជីវិនិយោគ។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានមានប្រសាសន៍ថា៖ សិក្ខាសាលានៅថ្ងៃនេះ នឹងផ្តោតទៅលើច្បាប់ លិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ដូចជាច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រមរាជក្រមលេខ នស/រកម/១០២១/០១៤ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ច្បាប់នេះ មានគោលបំណងបង្កើតនូវក្របខណ្ឌគតិយុត្ត ដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយ ភាពអំណោយផល សម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈ៖ ការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយដែលមានតម្លាភាព ភាពអាចប៉ាន់ប្រមាណទុក ជាមុនបាន គ្មានការ រើសអើង មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គម-សេដ្ឋកិច្ច។ ការធ្វើទំនើបកម្ម ការបង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅ ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុង តំបន់ និងសកលលោក តាមរយៈការជំរុញកំណើនរំហូរចូលមូលធន ការផ្ទេរ បច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ។ ការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចអាចធ្វើពិពិធកម្មបាន និងធន់ទៅនឹង វិបត្តិក្នុងតំបន់ និងសកលលោក។ ការផ្តល់ការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ដល់វិនិយោគិននៅព្រះរាជាណាចក្រ កម្ពុជា តាមរយៈ ការបង្កើតនូវក្របខណ្ឌគតិយុត្តដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ស្របទៅនឹងផលប្រយោជន៍ជាតិ។

អត្ថបទទាក់ទង