ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានបើកវគ្គបណ្តុះបណ្តាលស្តីពីដំណើរការនៃការរៀបចំវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមប្រធានបទ “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានបក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល។ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរក្រុង-ស្រុក លោក-លោកស្រីមេឃុំ ចៅសង្កាត់ នាយករដ្ឋបាលក្រុង-ស្រុក និងមន្ត្រីជំនាញផងដែរ។ឯកឧត្តមបានមានប្រសាសន៍ថាក្នុងវគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖ ដើម្បីពង្រឹង និងជំរុញដំណើរការកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ច ឱ្យកាន់តែមុតស្រួច និងមានភាពស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា និងអនុវត្តតាមការណែនាំរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដើម្បីឱ្យការរៀបចំវេទិកាពិគ្រោះ ពិភាក្សា វាយតម្លៃ អំពីវឌ្ឍនភាព បញ្ហាប្រឈម សំណើសំណូមពរ ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិស ផ្នែកគោលនយោបាយ សម្រាប់សម្រួចការអនុវត្ត កម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ឯកឧត្តមបានបញ្ជាក់ថា៖ដោយយោងតាមសេចក្តីណែនាំលេខ០១៥សណន/គ.ជ.អ.ប ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្តីពីការ រៀបចំ វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺមានគោលបំណងពិគ្រោះពិភាក្សារវាងរាជរដ្ឋាភិបាល ជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈមកំណត់ ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយសម្រាប់សម្រួចការអនុវត្តកម្មវិធី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ឯកឧត្តមបានបន្ថែមថា៖ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាល ថ្នាក់ក្រោមជាតិក្រោមនេះ គឺជាកិច្ចការថ្មីមួយ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ លើការបន្តពង្រឹង និងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ក្លាយជាប្រទេសមានចំណូលខ្ពស់។ ទន្ទឹមនឹងនេះរដ្ឋបាលខេត្តបានបង្កើតនូវក្រុមការងារបច្ចេកទេស ជាសេនាធិការឱ្យគណៈកម្មាធិកាដឹកនាំ ការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ សម្រាប់គាំទ្រដល់ដំណើរការ នៃការរៀប ចំវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០“។