រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី

ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សា ខេត្តអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការ មកចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងអគារសិក្សាសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល។មានប្រសាសន៍សំណេះសំណាល ក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នាពេលនេះ គឺជាការជួបជុំគ្នាលើកទី ៨ហើយ ដែលរដ្ឋបាលខេត្ត បានចូលរួមសហការជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកឧកញ៉ា ពុទ្ធបរិស័ទ និងសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស ដើម្បីរៃអង្គាសនូវបច្ច័យដើម្បីកសាងសាកលវិទ្យាល័យឱ្យចេញជារូបរាងនៅពេលឆាប់ៗខាងមុខនេះ សម្រាប់ផ្តល់ជូនសិស្សានុសិស្ស និសិ្សត សិក្សារៀនសូត្រ ជាពិសេសគឺសិស្សសានុសិស្សដែលមានជីវភាពខ្វះខាតអាចមកសិក្សានៅទីនេះបាន។ឯកឧត្តមអភិបាលខេត្តកណ្ដាល បានលើកឡើងថា ការប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះ គឺបានសបញ្ចាក់អោយឃើញថាវិស័យអាណាចក្រ និងពុទ្ធចក្របានផ្សារភ្ជាប់យ៉ាងរឹងមាំ ពីព្រោះថាសាកលវិទ្យាល័យនេះផ្តួចផ្តើមបង្កើតឡើងក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងមានសម្ដេច ព្រះមង្គលទេពាចារ្យ វង្ស អានតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល ជាព្រះសាកលវិទ្យាធិការ ប៉ុន្តែកម្មវិធីសិក្សា គឺអនុវត្តដូចនឹងគ្រឹះស្ថានឧត្តមសិក្សាទូទៅ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង អប់រំ យុវជន និងកីឡា។ឯកឧត្តមអភិបាលខេត្ត បានធ្វើការអំពាវ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកឧកញ៉ា ពុទ្ធបរិស័ទ និងសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស សូមមេត្តាចូលរួមជួយឧបត្ថម្ភសម្រាប់ទ្រទ្រង់ និងដំណើរការសាងសង់នៅសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នេះឡើង ដើម្បីលើកកម្ពស់នូវវិស័យអប់រំ នៅក្នុងមូលដ្ឋានខេត្តកណ្តាល។

អត្ថបទទាក់ទង