ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាលដឹកនាំដោយឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំលោក Kim Jung Nam មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា(គណៈកម្មការទី១០) នៅសាលាខេត្តកណ្ដាល។ មានប្រសាសន៍ក្នុងជំនួបនេះដែរឯកឧត្តម ម៉ម ប៊ុននាង បានលើកឡើងថា៖ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សារណៈនៃការយោគយល់គ្នា កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីផ្តល់ជំនួយមនុស្សធម៌ពីសាធារណរដ្ឋ កូរ៉េ មានដូចជា ឱសថ សម្ភារៈវេជ្ជសាស្ត្រ សម្ភារសិក្សា សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ ប្រចាំថ្ងៃ ជូនដល់ព្រឹទ្ធសភាកម្ពុជា និងដោយឡែកជូនដល់រដ្ឋបាលខេត្តកណ្តាល ក្នុងរង្វង់ទឹកប្រាក់ ៥លានដុល្លារអាមេរិក ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៩។ ឯកឧត្ដមបន្តថា៖ ជំនួបសម្ដែងការគួរសមនេះ ក្នុងគោលបំណង ស្ដាប់នូវបញ្ហាប្រឈម សំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល ពាក់ព័ន្ធទៅនឹងវិស័យសុខាភិបាល និងវិស័យអប់រំ ដើម្បីឱ្យការផ្ដល់ជំនួយរបស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ផ្ដល់ឱ្យចំគោលដៅ និងតម្រូវការជាក់ស្ដែងនៅក្នុងមូលដ្ឋានផ្ទាល់។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ទឹកចិត្តដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ គឺបានបង្ហាញអំពីការយកចិត្តទុកដាក់ប្រកបដោយទឹកចិត្តសប្បុរសធម៌ ជូនមកដល់ ប្រជាជនខេត្តកណ្តាល ដែលកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ មូលនិធិចែករំលែកសង្គ្រោះជីវិតសកលបាននាំយកអំណោយ រួមមាន ឱសថពេទ្យ បរិក្ខារពេទ្យ សម្ភារៈប្រើប្រាស់ ប្រចាំថ្ងៃក្នុងវិស័យអប់រំ និងសុខាភិបាល ដែលគិតជាទឹកប្រាក់មានតម្លៃសរុបស្មើនឹងចំនួន ៥១៨,៨៥៦ ដុល្លារអាមេរិក (៥១ម៉ឺន ៨ពាន់ ៨៥៦ ដុល្លារអាមេរិក) ជូនដល់រដ្ឋបាលខេត្តកណ្ដាល ដើម្បីជួយសម្រាលការដោះស្រាយបញ្ហាខ្វះខាតក្នុងវិស័យសុខាភិបាល ប្រព័ន្ធវេជ្ជសាស្ត្រ និងការអប់រំ នៅក្នុងមូលដ្ឋានខេត្តកណ្តាល។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ សូមដល់អាហារូបករណ៍ពេទ្យ ដល់និស្សិតនៅក្នុងខេត្តកណ្ដាល ដើម្បីបានសិក្សានឹងមកបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល ព្រមទាំងកុំព្យូទ័រសម្រាប់សិស្សានុសិស្សសិក្សាផងដែរ។ លោក Kim Jung Nam ប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ បានទទួលយកនូវសំណូមពររបស់ឯកឧត្តមអភិបាលខេត្តកណ្ដាល និងសន្យាផ្ដល់ជំនួយតាមដំណាក់កាលៗ ហើយនៅពេលឆាប់ៗខាងមុខនេះនឹងមានសម្ភារៈព្រមទាំងបរិក្ខារមួយចំនួន ដឹកមកដល់សម្រាប់ផ្ដល់ជូនខេត្តកណ្ដាលផងដែរ។