រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល រៀបចំកម្មវិធីមនកាពលរដ្ឋល្អ ដើម្បីបណ្ដុះបណ្ដាល​ឱ្យ​យុវជន​ក្លាយ​ជា​ពលរដ្ឋ​ល្អ​នៅ​ក្នុង​សង្គម

++++++++++++ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល និងលោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មវិធី "មនសិការពលរដ្ឋល្អ" ក្រោមប្រធានបទ "យុវជន និងកាតព្វកិច្ចជាពលរដ្ឋល្អ" នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពីសិស្សានុសិស្សប្រមាណ ៣០០នាក់។ថ្លែងក្នុងពិធីនេះ លោកជំទាវ ស្រូយ សុជាតិ បានបញ្ចាក់ថា ដោយមានកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា កម្មវិធី “មនសិការពលរដ្ឋល្អ” បានចាប់ផ្តើមដំណើរការ ជាកម្មវិធីក្រៅម៉ោងសិក្សា សម្រាប់កម្រិតថ្នាក់ទី១០ និងទី១១ នៅវិទ្យាល័យគោលដៅចំនួន២១ នៅតាមបណ្តារាជធានី-ខេត្តចំនួន៧។ លោកជំទាវបានបញ្ចាក់បន្តថា កម្មវិធី “មនសិការពលរដ្ឋល្អ” ជាការបណ្ដុះបណ្ដាលសមត្ថភាព ស្មារតីឆន្ទៈ សេចក្ដីថ្លៃថ្នូរ និងភាពជាពលរដ្ឋល្អរបស់យុវជនសម្រាប់កម្ពុជា និងជាការផ្ដល់ឱកាសដល់យុវជនក្នុងការកសាងភាពជាពលរដ្ឋល្អ ដើម្បីត្រៀមខ្លួនចូលរួមអភិវឌ្ឍប្រទេសជាតិ ក្នុងគោលបំណងកសាងកម្លាំងរួមជាធ្លុងមួយប្រកបដោយសាមគ្គីភាព ឯកភាពជាតិ និងសុខុដុមនីយកម្មជាតិដើម្បីអនាគតកម្ពុជា។លោកជំទាវអគ្គនាយក បានបញ្ចាក់បន្ថែមថា បច្ចុប្បន្ននេះកម្មវិធី “មនសិការពលរដ្ឋល្អ” ត្រូវបានដាក់ឱ្យអនុវត្តសាកល្បងក្នុងឆ្នាំទី១ ចំពោះរាជធានី ខេត្ត គោលដៅចំនួន៧ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដោយត្រូវអនុវត្តរយៈពេល៣ខែ ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២៤ ។ពាក់ព័ន្ធនិងក្រុមការងារ “មនសិការពលរដ្ឋល្អ» ក្នុងខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានឱ្យដឹងថា ខេត្តបានរៀបចំចងក្រងរចនាសម្ព័ន្ធដឹកនាំកម្មវិធី ក្នុងវិទ្យាល័យគោលដៅទាំង៣ រួមមាន៖ ១-វិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ក្នុងនោះថ្នាក់ទី១០ មានចំនួន៣ក្លិប និងថ្នាក់ទី១១ ចំនួន២ក្លិប ដែលក្នុងមួយក្លិបៗមានសិស្សចំនួន ២០នាក់ សរុបសមាជិកទាំងអស់ចំនួន ១០០ នាក់។ ២-វិទ្យាល័យ ហ៊ុន សែន ស្អាង ស្រុកស្អាង ដោយថ្នាក់ទី១០ មានចំនួន៣ក្លិប និងថ្នាក់ទី១១ ចំនួន២ ក្លិប ក្នុងមួយក្លិបៗមានសិស្សចំនួន ២០នាក់ សរុបសមាជិកទាំងអស់ចំនួន ១០០ នាក់។ ៣-វិទ្យាល័យ ហ៊ុន សែន អង្គស្នួល ស្រុកអង្គស្នួល ក្នុងនោះថ្នាក់ទី១០ មានចំនួន ៣ក្លិប និងថ្នាក់ទី១១ ចំនួន ២ក្លិប ក្នុងមួយក្លិបៗមានសិស្សចំនួន ២០នាក់ សរុបសមាជិកទាំងអស់ចំនួន ១០០ នាក់។សូមបញ្ចាក់ថា ក្នុងកម្មវិធី "មនសិការពលរដ្ឋល្អ"នាព្រឹកនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ និងលោកជំទាវ ស្រូយ សុជាតិ ក៏បានធ្វើជាវាគ្មិនកិត្តិយស ដោយបានឆ្លើយនូវរាល់សំណួរ ដែលលើកឡើងដោយសិស្សានុសិស្ស ព្រមទាំងបានផ្ដល់ជាមេរៀន បទពិសោធន៍ល្អៗ ក្នុងការសិក្សា ក្នុងការងារ ជូនដល់សិស្សានុសិស្សដែលចូលរួមផងដែរ។

អត្ថបទទាក់ទង