++++++++++++++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលស្រុកអង្គស្នួល បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល ក្រោមគណៈធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ មានប្រសាសន៍ក្នុងពិធីប្រកាសតែងតាំង ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ការតែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ច គឺជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ ហើយវាក៏ជាការឆ្លើយតបទៅនឹងកំណែទម្រង់កាន់តែស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃនីតិកាលរដ្ឋសភា។ ឯកឧត្ដម អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកអង្គស្នួល ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ដោយបានជំរុញការអភិវឌ្ឍស្រុកអង្គស្នួល ឱ្យសម្រេចបានសមិទ្ធផល និងមានការរីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមនេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏បានខិតខំរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានឲ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ គ្រោះថ្នាក់សង្គមនានា ការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសបានយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្ម និងប្រកបដោយភាពម្ចាស់ការ ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល។ ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់ ដល់លោកអភិបាលស្រុក ដែលទើបទទួលការតែងតាំងថ្មី ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលស្រុកអង្គស្នួល ទាំងមូល សូមបន្តយកចិត្តទុកដាក់ បន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឲ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបន្តការអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។ បន្តខិតខំយកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈ ដោយត្រូវប្រកាន់យកនូវគោលការណ៍បីជាសំខាន់គឺ ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព ហើយគោរពទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់។ ត្រូវបន្តពង្រឹង និងកែលម្អការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយនៅ រដ្ឋបាលស្រុក ដែលទើបត្រូវបានកែសម្រួលបែបបទ និងនីតិវិធីនៃផ្តល់សេវាស្របតាមរចនាសម្ព័ន្ធ និងមុខងារថ្មី ដោយត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់មន្រ្តីក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។ លើសពីនេះទៀត រដ្ឋបាលស្រុកត្រូវបន្តជំរុញ និងគាំទ្រ និងតាមដានជាប្រចាំលើការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅឃុំទំាង១០ នៅក្នុងស្រុក។ សូមបញ្ជាក់ផងដែរថា៖ លោក នូ សុវណ្ណរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល ជំនួសលោក ខុន សេរីរដ្ឋា ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល។